ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ»


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ» ដែលមានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ខាងមុននេះ។

ពិធីនេះដែរ ដោយមានការចូលរួមពី ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងភ្ញៀវកិត្តិយសជាច្រើនរូប។

នាឱកាសនោះដែរ ឯកឧត្តម ហ៊ីង ស៊ីដេត បានលើកឡើងថា ការប្រកួតប្រជែងជំនាញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការប្រកួតប្រជែងប្រកប ដោយប្រសិទ្ធភាព និងយុត្តិធម៌ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការលើកតម្លៃការងាររបស់យុវជន និងកម្លាំងពលកម្មជំនាញ លើកកម្ពស់កិច្ចសហការរវាងគ្រឹះស្ថានសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ហើយក៏ជាមធ្យោបាយទទួលស្គាល់គុណភាព និងសមត្ថភាពរបស់យុវជនដែលជាកម្លាំងពលកម្មជំនាញ សម្រាប់ជួយគាំទ្រដល់ឧស្សាហកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមាតុភូមិ។

ឯកឧត្តម ហ៊ីង ស៊ីដេត បានបន្ដថា បេក្ខជនជ័យលាភី ដែលទទួលបានមេដាយ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលរួមមាន៖ មេដាយមាសទទួលបានប្រាក់រង្វាន់ចំនួន ៣ លានរៀល, មេដាយប្រាក់ទទួលបានប្រាក់រង្វាន់ចំនួន ២ លានរៀល និងមេដាយសំរឹទ្ធទទួលបានប្រាក់រង្វាន់ចំនួន ១ លានរៀល។

ឯកឧត្តម ហ៊ីង ស៊ីដេត បានបន្ដទៀតថា ក្រសួងការងារ បានរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិចំនួន ៩ លើក ដែលមានបេក្ខជនចូលរួមសរុបចំនួន ៣៦៨ រូប (ស្រី ២៦ រូប) ក្នុងនោះទទួលបានមេដាយមាសចំនួន ៤០ ប្រាក់ចំនួន ៤០ និងសំរឹទ្ធចំនួន ៣៨។ ឆ្លងកាត់ការប្រកួតនីមួយៗ វេទិកានេះបានជួយឲ្យយុវជនបង្ហាញពី សមត្ថភាពជាក់ស្ដែង ឲ្យគ្រឹះស្ថានប្រៀបធៀបគុណភាពនៃការបណ្ដុះបណ្ដាល និងឲ្យជំនាញការទទួលបានបទពិសោធន៍ពិសេសក្នុងការរៀបចំគម្រោងតេស្ត និងវាយតម្លៃតាមលក្ខណៈប្រកួតប្រជែង។ ជ័យលាភីថ្នាក់ជាតិមួយចំនួនក៏បានបន្តទៅចូលរួមការប្រកួតប្រជែងជំនាញនូវកម្រិតអាស៊ាន និងអន្តរជាតិ ហើយបាននាំមកនូវជ័យលាភី និងបទពិសោធន៍ផ្ទាល់ខ្លួន និងជាគំរូសម្រាប់ការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ លោក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វេទិកាប្រកួតប្រជែងជំនាញថ្នាក់ជាតិរបស់យើងនេះ គឺខ្ញុំចង់ឱ្យកម្ពុជាយើងគិតលើសពីអ្វី ដែលយើងកំពុងតែអង្គុយនៅទីនេះ នៅក្នុងសាលនេះ ដែលយើងបានរៀបកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិចំនួន ១០ លើករួចមកហើយ មានន័យថា ២០ ឆ្នាំមុនយើងបានផ្ដើម ហើយយើងក៏បានចូលរួមប្រកួតប្រជែងជំនាញថ្នាក់អាស៊ានហើយដែរ។ ប៉ុន្តែកម្ពុជានៅមិនទាន់មានលទ្ធភាពដើម្បីបញ្ជូនបេក្ខជនណាមួយទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់អន្តរជាតិបាននៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា ដើម្បីចូលរួមប្រកួតប្រជែងជំនាញថ្នាក់អន្តរជាតិ WorldSkills នេះ វាត្រូវផ្ដើមចេញពីការប្រកួតប្រជែងជំនាញថ្នាក់ជាតិ ហើយឈានទៅការប្រកួតប្រជែងដណ្ដើមពាននូវជំនាញថ្នាក់តំបន់អាស៊ាន បានយើងអាចដាក់បេក្ខភាពយើងទៅប្រកួតប្រជែងជំនាញថ្នាក់អន្តរជាតិ WorldSkills នេះបាន។ អញ្ចឹងបើយើងគិតទៅ យើងនៅត្រូវការដំណើរវែងឆ្ងាយតទៅមុខទៀត បានយើងអាចឈានទៅដល់ការចូលរួមការប្រកួតប្រជែងកម្រិតពិភពលោក WorldSkills នេះកើត ហើយត្រូវស្វែងយល់អំពីនីតិវិធីនេះឱ្យច្បាស់ សម្រាប់លក្ខខណ្ឌផងដែរ។

សូមជម្រាបដែរថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី១០ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ តាមរយៈការប្រកួតនេះ យុវជនកម្ពុជានឹងមានឱកាសបង្ហាញពីទេពកោសល្យ និងជំនាញរបស់ខ្លួន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដែលជាកត្តាជំរុញឲ្យវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកាន់តែរីកចម្រើន។ ក្រោយពីសុន្ទរកថាបើក គណៈអធិបតី និងភ្ញៀវកិត្តិយស ក៏បានអញ្ជើញទស្សនាទីកន្លែងប្រកួតប្រជែងជំនាញនានា ដើម្បីផ្តល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់៕