ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សមិទ្ធផល និងបទពិសោធដែលនិវត្តជនបន្សល់ទុក ជាមរតកដ៏មានតម្លៃសម្រាប់មន្ត្រីជំនាន់ក្រោយ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជនចំនួន ២,១១៤នាក់ ទូទាំងខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមជាមួយថ្នាក់នាំមកពីស្ថាប័នរដ្ឋនានាជាច្រើន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេនសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងដោយសង្កត់ធ្ងន់ថា «រាល់សមិទ្ធផល និងបទពិសោធដែលអតីតមន្ត្រីរាជការបានបន្សល់ទុក គឺជាមរតកដ៏មានតម្លៃបំផុតសម្រាប់មន្ត្រីជំនាន់ក្រោយយកមកសិក្សារៀនសូត្រ និងបន្តអនុវត្តការងារ»។

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវដួងចិត្តដ៏ស្ម័គ្រស្មោះចំពោះវត្តជនទូទាំងខេត្តកំពង់ស្ពឺ ប្រៀបដូចជាបងប្អូន ដែលត្រូវហៅថា «លោកអ៊ុំ លោកពូ អ្នកមីង» ក្នុងគ្រួសារតែមួយដោយមិនអាចបំភ្លេចគ្នាបានឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាស៍បន្ថែមថា យើងខ្ញុំជំនាន់ក្រោយសូមសម្តែងនូវក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតីក្នុងការបម្រើជាតិមាតុភូមិកន្លងមក។ ទោះបីអស់ រយៈពេលជាច្រើនទសវត្សរ៍មកនេះ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសជាតិជួបប្រទះការលំបាកគ្រប់កាលៈទេសៈនិវត្តជនទាំងអស់បានដើរតួនាទីជាកម្លាំងចលករយ៉ាងសំខាន់ដោយមិនខ្លាចនឿយហត់។ រាល់លិខិតបទដ្ឋាន គតិយុត្ត រចនាសម្ព័ន្ធការងារ និងបទពិសោធដែលបានចាក់ឫសនៅតាមស្ថាប័ន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកបន្តវេន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលថា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»។

ទន្ទឹមនឹងការចងចាំជានិច្ចនូវគុណូបការៈនេះឯកឧត្តម ហ៊ុន ម៉ានី បានរំលេចយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាព និងសុខុមាលភាពយ៉ាងសំខាន់ ខណៈពេលនេះរាជរដ្ឋាភិបាល ​តែងតែកែសម្រួល និងពង្រីករបបសន្តិសុខសង្គមជាបន្តបន្ទាប់ ស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមានការបន្តដំឡើងប្រាក់សោធននិវត្តន៍ក្នុងកម្រិតសមរម្យ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយប្រចាំថ្ងៃ។

លើសពីនេះ អ្វីដែលជានយោបាយគាំពារដ៏សំខាន់នោះគឺ បញ្ហាសុខភាព ដោយរាជរដ្ឋាភិបាលបានផ្តល់ជូននូវបណ្ណសមាជិក ប.ស.ស. ជូននិវត្តជន ដើម្បីធានាថា អតីតមន្ត្រីរាជការទាំងអស់ អាចទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ដែលនេះសបញ្ជាក់ពីការមិនបោះបង់ និងការតបស្នងសងគុណរបស់ប្រមុខថ្នាក់ដឹកនាំចំពោះមន្ត្រីនិវត្តជន៕