ផ្លូវខេត្តលេខ ១៥២H ក្នុងខេត្តពោធិ៍សាត់ ត្រៀមរៀបចំក្រាលកៅស៊ូ DBST ថ្មី ក្នុងខែតុលាខាងមុខនេះ!


(ពោធិ៍សាត់)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា នៅក្នុងខែតុលាខាងមុខនេះ គម្រោងការងារជួសជុល និងអភិវឌ្ឍន៍ផ្លូវខេត្តលេខ ១៥២H នឹងចាប់ផ្តើមដំណើរការស្ថាបនាជាផ្លូវការហើយ ដើម្បីលើកកម្ពស់គុណភាពសោភណភាព និងភាពរលូននៃការធ្វើដំណើរ។

យោងតាមផែនការរបស់មន្ទីរ គម្រោងជួសជុលនេះនឹងត្រូវអនុវត្តលើកំរិតបច្ចេកទេសក្រាលកៅស៊ូប្រភេទ DBST ដោយមានលក្ខណៈបច្ចេកទេសសំខាន់ៗរួមមាន៖

*ប្រវែងសរុប៖ ១,៥២៥ម៉ែត្រ
*ទទឹងតួផ្លូវ៖ ៨ម៉ែត្រ ព្រមទាំងមានចិញ្ចើមដីល្បាយថ្មទទឹង ០,៥០ម៉ែត្រ សងខាង
*ការងារបន្ថែម៖ បំពាក់បរិក្ខារចរាចរណ៍ និងស្ថាបនាជើងទេររៀបកន្ត្រកថ្មប្រវែង ៧៥ម៉ែត្រ (ស្ថិតក្នុងចន្លោះគីឡូម៉ែត្រ ០០+០០០ ដល់ គ.ម ០១+៤៥০ និង គ.ម ១០+២៥০ ដល់ គ.ម ១០+៣២៥)
*ទីតាំងអនុវត្ត៖ ស្ថិតក្នុងសង្កាត់ព្រៃញី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ដើម្បីធានាឱ្យការដ្ឋានស្ថាបនាប្រព្រឹត្តទៅដោយរលូន មិនមានការរាំងស្ទះ និងទទួលបានជោគជ័យតាមផែនការ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានដាក់ចេញនូវការសំណូមពរដ៏សំខាន់ចំនួន៣ចំណុច៖

ទី១- ប្រជាពលរដ្ឋ និងអាជីវករ៖ សូមមេត្តាអធ្យាស្រ័យ យោគយល់ និងចូលរួមសហការរុះរើសំណង់ផ្សេងៗដែលប៉ះពាល់ដល់ការដ្ឋាន ដូចជា សំយាបផ្ទះ តូបលក់ដូរ របង ការដាក់តាំងសម្ភារៈ និងសំណង់ផ្សេងៗទៀត។
ទី២- អង្គភាពពាក់ព័ន្ធ (អគ្គិសនី ទឹកស្អាត និងខ្សែកាបអុបទិច)៖ សូមសហការចុះរុះរើ ឬកែសម្រួលបណ្តាញរបស់ខ្លួនឱ្យបានផុតពីទីតាំងការដ្ឋានជាបន្ទាន់។
ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់៖ សូមជួយសហកាប់សម្របសម្រួល ដើម្បីធានាថាគម្រោងនេះសម្រេចបានជោគជ័យ និងទាន់ពេលវេលាកំណត់។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីម្ចាស់ការ ទទួលខុសត្រូវខ្ពស់ និងដើម្បីផលប្រយោជន៍សាធារណៈទាំងអស់គ្នា៕