អភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពារសុវត្ថិភាព និងសុខភាពប្រជា ពលរដ្ឋនៅទីទួលសុវត្ថិភាព ខណៈទឹកជំនន់ជម្លៀសមនុស្សជាង ៦ពាន់នាក់


(បន្ទាយមានជ័យ)៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពេលដែលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យកំពុងបន្តបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានបង្កើនការយកចិត្តទុកដាក់លើការជម្លៀសប្រជា ពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងធានាស្បៀង អាហារ សន្តិសុខ សុវត្ថិភាព និងសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។      ជាក់ស្តែង នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថាន ភាពប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បាននាំយកស្បៀងសង្គ្រោះបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ក្នុងសង្កាត់ទឹកថ្លា ដើម្បីចូលរួមដោះស្រាយតម្រូវការបឋមរបស់ប្រជាពលរដ្ឋដែលបានចាកចេញពីលំនៅឋាន ដោយសារទឹកជំនន់។    ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងអនាម័យក្នុងអំឡុ ងពេលស្នាក់នៅទីទួលសុវត្ថិភាព ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ព្រមទាំងរក្សាអនាម័យជុំវិញកន្លែងស្នាក់នៅ ដើម្បីបង្ការជំងឺដែលអាចកើតមានក្នុងអំឡុងពេលមានទឹកជំនន់។    ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាលបង្កើនការប្រុងប្រយ័ ត្នចំពោះកុមារតូចៗ ជាពិសេសមិនត្រូវបណ្តែតបណ្តោយឱ្យកុមារចុះលេងទឹក ឬចូលទៅក្បែរតំបន់ដែលមានទឹកជ្រៅ និងមានចរន្តខ្លាំង ដើម្បីបង្ការករណីលង់ទឹកដែលអាចកើតឡើងជាយថាហេតុ។     ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ដែលបានបង្កការជន់លិចលំនៅឋានប្រជាពលរដ្ឋនៅមួយចំនួនក្នុងខេត្ត គឺបណ្តាលមកពីការហូរស្រុងនៃទឹកពីតំបន់ខាងលើនៃក្រុងប៉ោយប៉ែត រួមផ្សំនឹងទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យកម្ពស់ទឹកនៅស្ទឹងសិរីសោភ័ណកើនឡើង និងប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋតាមដងស្ទឹង ព្រមទាំងតំបន់ទំនាបមួយចំនួន។   ក្នុងស្ថានភាពនេះ ឯកឧត្តមអភិបាល ខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ ត្រូវបន្តដាក់កម្លាំងយាមកាម និងការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពឱ្យបានល្អប្រសើរ។ ជាពិសេស ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំ ដើម្បីពិនិត្យ និងផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។     តាមរបាយការណ៍ផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធ បាននិងកំពុងប្រតិបត្តិការអន្តរាគមន៍ទាំងយប់ទាំងថ្ងៃ ដោយផ្តោតសំខាន់លើការការពារអាយុជីវិត និងការជម្លៀសប្រជាពលរដ្ឋពីតំបន់ដែលមានហានិភ័យខ្ពស់ទៅកាន់ទីទួលសុវត្ថិភាព។     ក្នុងប្រតិបត្តិការជម្លៀសនេះ ប្រជាពល រដ្ឋចំនួន ១.៦៦៣ គ្រួសារ ស្មើនឹង ៦.១៦៥ នាក់ ក្នុងនោះមានស្ត្រី ៣.០១៦ នាក់ និងកុមារ ១.០១១ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិ ភាព ដើម្បីកាត់បន្ថយហានិភ័យពីការកើនឡើងនៃកម្ពស់ទឹក និងស្ថានភាពមិនអំណោយផលផ្សេងៗ។     ក្រៅពីប៉ះពាល់ដល់លំនៅឋាន និងសុវត្ថិភាពប្រជាពលរដ្ឋ ទឹកជំនន់ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម ដែលជាប្រភពជីវភាពដ៏សំខាន់របស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយ មានជ័យ។

តាមទិន្នន័យខូចខាតបឋម ស្រូវបានរងផលប៉ះពាល់ប្រមាណ ១៧.០៩៦ ហិកតា ក្នុងនោះស្រូវស្រាល និងស្រូវទើបបង្កបង្កើនផលប្រមាណ ៤១៦ ហិកតា ខណៈដំឡូងមីរងផលប៉ះពាល់ ៦៥ ហិកតា និងដំណាំរួមផ្សំប្រមាណ ២ ហិកតា។ សត្វពាហនៈក៏រងផលប៉ះពាល់ចំនួន ៦០ ក្បាល ផងដែរ។     ចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀនចំនួន ១៥ កន្លែង ត្រូវបានទឹកជន់លិច វត្តអារាមចំនួន ៨ កន្លែង និងមណ្ឌលសុខភាពចំនួន ៣ កន្លែង ក៏រងផលប៉ះពាល់ ខណៈផ្លូវដែលមានទឹកហូរកាត់ និងរងការច្រោះដាច់មានចំនួន ២៥៧ ខ្សែ មានប្រវែងសរុបប្រមាណ ១៣០.៤៨៩ ម៉ែត្រ។    ស្ថានភាពខាងលើបង្ហាញថា គ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យមិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាព និងលំនៅឋានរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កសម្ពាធលើផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរ សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះផងដែរ។    ជាមួយនឹងការបន្តប្រតិបត្តិការជម្លៀស និងជួយសង្គ្រោះ អាជ្ញាធរខេត្តក៏បានផ្តោតសំខាន់លើការធានាឱ្យប្រជាពល រដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព មានស្បៀងអាហារ ទឹកស្អាត ការថែទាំសុខភាព និងសន្តិសុខសុវត្ថិភាពគ្រប់ គ្រាន់ ខណៈស្ថានភាពទឹកជំនន់នៅតំបន់មួយចំនួននៅតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់។

អាជ្ញាធរខេត្តបន្ទាយមានជ័យបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ប្រឈម ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដោយអនុវត្តតាមការណែនាំស្តីពីការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ មនុស្ស ចាស់ និងអ្នកដែលងាយរងគ្រោះ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ៕