កម្ពុជា ឈ្នះពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេនៅអាស៊ី ៥ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៦


(ភ្នំពេញ)៖ កម្ពុជាទទួលបានពានរង្វាន់ «គោលដៅទេសចរណ៍សម្រាប់យុវជនឈានមុខគេនៅអាស៊ី ប្រចាំឆ្នាំ២០២៦» (Asia’s Leading Youth Travel Destination 2026) ជាលើកទី៥ជាប់ៗគ្នា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) លើកទី៣៣ ដែលបានរៀបចំឡើងនៅ CROSSROADS Maldives កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមប្រភព World Travel Awards និង SEA Infographics ពានរង្វាន់នេះត្រូវបានប្រកាសក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក ដែលរៀបចំឡើងស្របពេលនឹងការប្រារព្ធ ទិវាទេសចរណ៍ពិភពលោក។

ការទទួលបានពានរង្វាន់នេះរយៈពេល៥ឆ្នាំជាប់ៗគ្នា គឺជាការទទួលស្គាល់មួយចំពោះសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា រួមមានធនធានទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ផូរផង់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងសន្តិសុខ និងសុវត្ថិភាព ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនា កម្សាន្ត និងស្វែងយល់ពីកម្ពុជា។

សូមជម្រាបថា ពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីទទួលស្គាល់សមិទ្ធផល និងឧត្តមភាពក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច៕