លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលត្រូវជាបិតាមាតាបង្កើតរបស់លោកជំទាវបណ្ឌិត សហការី និងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៤ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នាឱកាសនោះលោកជំទាវបណ្ឌិត សូមជូនមគ្គផល កុសលផលបុណ្យ ដែលលោកជំទាវបានធ្វើនៅវត្តឧណ្ណាលោម នាថ្ងៃបិណ្ឌទី៤ នេះ ជូនដល់ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប និងសូមឧទិ្ទសកុសលដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី រួមទាំងដួងវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិតសូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ប្រជាជនភៀសសឹក វីរយុទ្ធជនទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរទៅគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណ13បានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។
ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕

















































