អគ្គនាយក CMAC ចាត់ទុក ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហាររបស់ថៃមកលើប្រា​សាទព្រះវិហារ ធ្វើឡើងដោយមានផែនការ និងមានការដឹកនាំបញ្ជាច្បាស់លាស់ ក្នុងបំណងកម្ទេចចោល


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានចាត់ទុកថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញទៅលើប្រាសាទព្រះវិហារ គឺធ្វើឡើងដោយមានផែនការ គោលដៅ និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងបំណងកម្ទេចប្រាសាទដ៏ថ្លៃថ្លាបំផុតនេះ ដែលភាគីថៃមិនអាចប្រកែកបានឡើយ។

ឯកឧត្តម ហេង រតនា គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC-Preah Vihear)នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណា។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីទង្វើឈ្លានពានរបស់ភាគីថៃ ដែលបានទម្លាក់គ្រាប់បែក បាញ់ផ្លោង និងប្រើប្រាស់ដ្រូនបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាមរតកមនុស្សជាតិគ្មានពីរលើលោក ជាស្នាដៃដ៏មហស្ចារ្យរបស់ដូនតាខ្មែរ និងជាបេតិកភណ្ឌពិភពលោក។

ឯកឧត្តមបានគូសបញ្ជាក់បន្តថា«ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញនេះ គឺធ្វើឡើងដោយមានផែនការ គោលដៅ និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងបំណងកម្ទេចប្រាសាទដ៏ថ្លៃថ្លាបំផុតនេះ ដែលភាគីថៃមិនអាចប្រកែកបានឡើយ។ ការបំផ្លិចបំផ្លាញនេះ ទាមទារឱ្យមានការជួសជុល និងថែទាំប្រាសាទឡើងវិញ ដោយត្រូវចំណាយពេលវេលា និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់»។

ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើតម្លៃបេតិកភណ្ឌពិភពលោក និងជាការបង្ហាញពីចេតនាអាក្រក់ក្នុងការបំផ្លាញស្នាដៃដ៏មហស្ចារ្យរបស់ដូនតាខ្មែរ។ កម្ពុជានៅតែបន្តអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យយកចិត្តទុកដាក់ និងថ្កោលទោសចំពោះទង្វើទាំងនេះ ដើម្បីធានាថាប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ ត្រូវបានការពារ និងថែរក្សាបានគង់វង្សជានិច្ច។

យោងតាមអង្គការយូណេស្កូ ដែលបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS បន្ទាប់ពីបានចុះពិនិត្យប្រាសាទព្រះវិហារ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា តំបន់ប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។

របាយការណ៍បានកត់ត្រាថា មានទីតាំងចំនួន ១៤២ តំបន់ រងការខូចខាតដោយសារការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈទីតាំងចំនួន ៤២០ តំបន់ ទៀត បានរងការខូចខាតក្នុងការវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៥។ ទំហំនៃការបំផ្លិចបំផ្លាញដែលកើតឡើងពីជម្លោះថ្មីនេះ មានកម្រិតធ្ងន់ធ្ងរខុសពីការខូចខាតដែលប្រាសាទធ្លាប់ជួបប្រទះក្នុងជម្លោះមុនៗ ដោយបានចាត់ទុកថា ស្ថានភាពនេះ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតកន្លងមកឡើយ៕