សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ បានទប់ទឹកមិនឱ្យជន់លិចក្រុងពោធិ៍សាត់នៅឆ្នាំនេះ ហើយទំនប់វារីអគ្គិសនីនេះ មិនមែនកើតឡើងដោយការជប់នោះទេ តែកើតចេញពីការគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
សម្ដេចបវរធិបតី បានមានប្រសាសន៍ពីស្ថានភាពទឹកជំនន់នៅកម្ពុជា ក្នុងនោះ សម្ដេច បានរំលេចពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់នាឆ្នាំនេះ មិនមានការលិចលង់ដូចកាលកន្លងទៅនោះទេ។
សម្ដេច បានមានប្រសាសន៍ថា «រាល់ឆ្នាំឱ្យតែបាត់ដំបង បន្ទាយមានជ័យលិច ពោធិ៍សាត់ដឹងតែលិចហើយ។ អភិបាលខេត្តថា អត់លិច ដោយសារមានគន្លឹះធំមួយ គឺសំណង់ស្ទាក់ទឹកពីស្ទឹងពោធិ៍សាត់១ ដែលអាចផ្ទុកទឹកបាន ១២០០លានម៉ែត្រគីប។ អាងនេះមិនមែនកើតដោយចៃដន្យ ដោយទេវតាជប់ទេ កើតដោយសាររាជរដ្ឋាភិបាលអាណត្តិមុន ហើយបានទប់កុំឱ្យលិចក្រុងពោធិ៍សាត់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នោះទេ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់។
យោងតាមរបាយការណ៍របស់គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៣០ ខែកញ្ញា បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់បានកើនឡើងដល់ ៨០,៤៦០គ្រួសារ (កើនឡើង ៦,៥៣៨គ្រួសារ បើធៀបនឹងថ្ងៃម្សិលមិញ)។
ក្នុងនោះមានផ្ទះសម្បែងរងផលប៉ះពាល់ចំនួន ៦៨,៣៣៤ខ្នង និងគ្រួសារដែលត្រូវ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ៨,០៤២គ្រួសារ។ ជាមួយគ្នានេះ ផ្ទៃដីបង្កបង្កើនផលស្រូវរបស់ប្រជាកសិករត្រូវបានទឹកជន់លិចអស់ប្រមាណ ១៥៦,១២៥ហិកតា៕

























































