សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សង្គ្រាមឈ្លានពាននៅទល់​ដែន ជាវេលាឱ្យកម្ពុជារៀនសូត្រ និងពង្រឹងខ្លួន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមឈ្លានពាននៅទល់​ដែន គឺជាវេលាឱ្យកម្ពុជារៀនសូត្រ និងពង្រឹងខ្លួននៅលើគ្រប់វិស័យ។

ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន​​​ ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលយើងមានសង្គ្រាមព្រំដែន បិទព្រំដែន សុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ច​ អ្នកជាប់ព្រំដែន រយៈពេលខ្លីយើងឈឺ ប៉ុន្តែ ត្រូវយកមេរៀននេះដើម្បីកុំឱ្យវាកើតមាននៅថ្ងៃអនាគតទៀត»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាសង្គ្រាមឈ្លានពាននៅតាមបន្ទាត់ព្រំដែនដែលបានកើតឡើងកន្លងមក មិនត្រឹមតែជាការសាកល្បងនោះទេ ប៉ុន្តែវាជាមេរៀន និងជាពេលវេលាដ៏សំខាន់សម្រាប់កម្ពុជាក្នុងការរៀនសូត្រ ដកពិសោធន៍ និងពង្រឹងសមត្ថភាពការពារជាតិឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការពង្រឹងខ្លួនគ្រប់វិស័យ​ គឺធ្វើឱ្យយើងរឹងមាំ​ ហើយគ្រោះទឹកជំនន់ជាឱកាសឱ្យកម្ពុជា ដកពិសោធន៍ដោះស្រាយបញ្ហា ហើយអាចទាញយកទឹកទុកប្រើប្រាស់ពេល មានការរាំងស្ងួត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅតាមព្រំដែន សូមរួមគ្នាដាំដើមឈើឱ្យបានច្រើនៅតាមព្រំដែន។

ក្រៅពីបញ្ហាព្រំដែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា គ្រោះទឹកជំនន់ដែលកម្ពុជាជួបប្រទះ គឺជាឱកាសមួយឱ្យយើងសិក្សាដកពិសោធន៍ក្នុងការដោះស្រាយបញ្ហាជាក់ស្តែង ព្រមទាំងអាចសិក្សាស្វែងយល់ពីរបៀបទាញយកនិងរក្សាទុកទឹកទុកប្រើប្រាស់នៅពេលមានការរាំងស្ងួតថែមទៀតផង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរបស់កងទ័ព។ សម្តេចបានប្រកាសយ៉ាងច្បាស់ថា មិនបណ្តោយឱ្យកងទ័ពអត់បាយនោះឡើយ ហើយប្រសិនបើមានករណីមេបញ្ជាការណាផ្តាច់របបអាហារកងទ័ពរហូតដល់ថ្នាក់ហូបអំបិលជាមួយបាយ គឺអាចផ្ញើព័ត៌មានដោយផ្ទាល់មកសម្តេចតាមរយៈទំព័រហ្វេសប៊ុក (Facebook) ដើម្បីឱ្យសម្តេចមានវិធានការដោះស្រាយ និងត្រួតពិនិត្យភ្លាមៗ៕