ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត១ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍


ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត១ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាស្រុកបារាយណ៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការចុះវាស់វែងដីធ្លីឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីសម្រេចបាននូវគោលនយោបាយរបស់ ក្រសួងរៀបចំដែនដី និងមន្ទីររៀបចំ នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត។

ឯកឧត្តមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តខិតខំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម សៅ សុភាព បានលើកឡើងថា បញ្ហាដីធ្លីនេះជាបញ្ហាមួយដែលលំបាកស្មុគស្មាញ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានជម្លោះដីធ្លីរ៉ាំរ៉ៃដែលយន្តការនេះ នៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមយុទ្ធសាស្ត្រឈ្នះឈ្នះ ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ ដើម្បីប្រែក្លាយទៅជាតំបន់មួយ ជាតំបន់ដែលមានសន្តិភាពដីធ្លី។

ឯកឧត្តមបញ្ជាក់ទៀតថា បណ្ណកម្មសិទ្ធិនេះផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើប័ណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីជាក់ស្តែង មិនមានការភ័យខ្លាច ពិសេសអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបានចូលអបអរសាទរ ដោយសេចក្តីរីករាយជាមួយប្រជាពលរដ្ឋ ទាំង៨ភូមិក្នុងឃុំទាំង៣ ក្នុងស្រុកបារាយណ៍ ដែលទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ជាពិសេសសូមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ ក៏ដូចជាដីក្នុងតំបន់បី ដែលជាតំបន់មានការកំណត់ និងការពារដោយច្បាប់។

តាមការបញ្ចាក់ពីលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៩,៥៩៥បណ្ណ ស្នើនឹង២,១៩៧គ្រួសារ មានភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ភូមិជាំត្រាច ភូមិផ្លូវទ្រាស ភូមិតាប្រុក ឃុំឈូកខ្សាច់ និងភូមិ ត្នោតជុំទី១ ភូមិត្នោតជុំទី២ ភូមិត្នោតជុំទី៣ ភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍៕