ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពជួរមុខដែលបាននិងកំពុងឈរជើងបំពេញភាកិច្ចនៅសមរភូមិមុខ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥, អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តពោធិ៍សាត់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ៣៤០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានសម្ដែងនូវមនោសញ្ចេតនាផ្សារភ្ជាប់ដៃគូសម្ព័ន្ធមេត្រីភាពរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងកងពលតូចថ្មើរជើងលេខ៥២។ ឯកឧត្តម បានរំលេចឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជួយគាំទ្រដល់អង្គភាពនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនគណៈប្រតិភូ អំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារសុខសន្ដិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជូន ជាតិ សាសនា និងព្រះមហាក្សត្រ។

បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនយោធិនទាំងអស់ ដែលជានិច្ចជាកាលតែងខិតខំជម្នះឧបសគ្គតូចធំ ប្តេជ្ញាចិត្តយ៉ាងមុះមុតមិនរួញរា និងហ៊ានពលីគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឱ្យគង់វង្ស។ ឆ្លៀងក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពគ្រប់លំដាប់នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសបងប្អូនយោធិននៅជួរមុខ គឺជាខែលការពារជាតិដ៏រឹងមាំ ជាកម្លាំងស្នូល និងជាបង្អែកដ៏មុតមាំរបស់ប្រជាជាតិ ក្នុងបេសកកម្មការពារសន្តិសុខ និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន និងត្រូវបន្តជំរុញជាចាំបាច់បំផុត ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដីឱ្យបានគង់វង្ស ដោយប្រកាន់គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា “កម្ពុជាមិនត្រូវការដីរបស់ប្រទេសណាសូម្បីមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាឈ្លានពានយកដីកម្ពុជាសូម្បីមួយមីលីម៉ែត្រដូចគ្នា”។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយទាំងអស់ បន្តគាំទ្រនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, រួបរួមគ្នាជាកម្លាំងដ៏ធំនិងជាខឿនការពារជាតិដ៏រឹងមាំក្នុងស្មារតីជាតិនិយមគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដើម្បីការពារជាតិ និងបូរណភាពទឹកដីឱ្យបានស្ថិតស្ថេរគង់វង្ស។

គួរជម្រាបជូនដែរថា ដោយទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាលឱ្យក្រសួងអភិវឌ្ឍន៍ជនបទចងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៥២ ក្រសួងអភិវឌ្ឍន៍ជនបទតែងតែចុះជួបសួរសុខទុក្ខបងប្អូនកងទ័ពជាប្រចាំ ដោយក្នុង១ឆ្នាំ ចំនួន ២ដង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយការជួបសំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចថ្មើរជើងលេខ៥២ រួមមាន៖ អង្ករ ៣តោន, មី ១០០កេស, ស្កសរ ២០០គ.ក្រ, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ប្រេងឆា ១៥០លីត្រ, ទឹកសុទ្ធ ៥០កេស, នំអន្សម ៥០០នំ និងថវិកា ២៤លានរៀល។ លើសពីនេះ ឆ្លើយតបចំពោះសំណូមពររបស់កងពលតូចថ្មើរជើងលេខ៥២ ដដែល ឯកឧត្ដមរដ្ឋមន្ត្រីក៏បានប្រគល់ជូនថវិការបស់សម្តេចធិបតី ចំនួន ៣២ លានរៀល បន្ថែមទៀត សម្រាប់ការសាងសង់អគារស្នាក់នៅរបស់កងទ័ព ដែលមានទំហំ ៤ គុណ ៦ម៉ែត្រ ចំនួន ៨ ខ្នង ជូនកងពលតូចថ្មើរជើងលេខ៥២ ផងដែរ៕