នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលទ្ធភាព និងស្វែងរកយន្តការរៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់នៅតំបន់ភាគពាយ័ព្យជាប់ព្រំដែន ជាពិសេសការពង្វាងទឹក និងការចាប់យកទឹកដែលហូរធ្លាក់ពីប្រទេសថៃ។
កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើគម្រោងរំដោះទឹកនិងពង្វាងទឹកអូរខៃដន និងបឹងកន្សែង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសកូរ៉េ និងផែនការជំហានទី២ ដើម្បីពង្រីកសក្ដានុពលរំដោះទឹកចេញពីខេត្តបន្ទាយមានជ័យ ចាប់ពីស្ទឹងបត់ អូរបីជាន់ និងតំបន់រណបរហូតធ្លាក់ចូលបឹងទន្លេសាប។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យមានគោលបំណង ដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងជួយកាត់បន្ថយនូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត គ្របដណ្ដប់លើឃុំចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។ គម្រោងនេះចាប់អនុវត្តនៅក្នុងឆ្នាំ២០២១ និងបញ្ចប់ក្នុងឆ្នាំ២០២៦៕


