សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃដំបូងនៃការចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត ៣ពាន់នាក់


ការបំពេញកាតព្វ​កិច្ចយោធា​ ជា​ការវិនិយោគមួយរបស់រដ្ឋក្នុងការអប់រំឥរិយាបថ វិន័យ និងពង្រឹងស្មារតីសាមគ្គីភាពធ្វើការជាក្រុម ភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ដល់យុវជន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ថ្ងៃដំបូងនៃការចែកពាក្យចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត ៣ពាន់នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី0២ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ម្សិលមិញយើងចាប់ផ្តើមទទួលពាក្យច្បាប់កាតកិច្ចយោធា ការអនុវត្តច្បាប់កាតកិច្ចយោធា ម្សិលមិញមានជិត ៣០០០នាក់ បានដាក់ពាក្យ យើងបើកនៅថ្ងៃទី១០ ជាជំហ៊ានសាកល្បងលើកទី១នៃការរៀបចំ អញ្ចឹងការស្ម័គ្រចិត្តយើងទទួលដល់ថ្ងៃទី១០ ហើយការសម្រេចចិត្តយកប៉ុណ្ណា យកទ្រង់ទ្រាយអីក្នុងឆ្នាំនេះ និងឆ្នាំក្រោយទៀត យើងនឹងបន្តពិនិត្យមើលបន្ថែមទៀត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឆ្នាំទី១នេះ គឺជាឆ្នាំប្រវត្តិសាស្ត្រនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ហើយវគ្គមួយនេះជាវគ្គដែលសំខាន់ និងត្រូវរៀបចំឱ្យបានទៅតាមចំនួនកំណត់ណាមួយ។ ជាមួយនឹងច្បាប់កាតព្វកិច្ចយោធានេះ សម្រាប់រាជរដ្ឋាភិបាល គឺជាគោលនយោបាយមួយក្នុងការវិនិយោគកសាងពង្រឹងធន់ធានមនុស្ស, ការកសាងធន់ធានមនុស្សនេះគឺមានសារៈសំខាន់ទាំងក្នុងវិស័យការពារជាតិ និងវិស័យសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរថា ការបំពេញកាតព្វកិច្ចយោធានេះ មិនមែនត្រឹមតែជាការបំពេញកាតព្វកិច្ចចំពោះជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការកសាងធន់ធានមន​ុស្ស តាមរយៈការអប់រំឥរិយាបថ និងវិន័យសម្រាប់យុវជនផងដែរ។ តាមរយៈការហ្វឹកហ្វឺនក្នុងជួរកងទ័ព យុវជននឹងទទួលបាននូវបទពិសោធន៍ជីវិតថ្មី ការបណ្តុះបណ្តាលជំនាញយោធា វិន័យ ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាពធ្វើការជាក្រុម ភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការចូលរួមបំពេញកាតព្វកិច្ចយោធា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងសីលធម៌ សម្រាប់ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ដែរថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦, ច្បាប់នេះមាន ៨ជំពូក និង ២០មាត្រា ដែលកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងជាតិ និងការពារមាតុភូមិ។ ច្បាប់នេះតម្រូវឱ្យប្រជាពលរដ្ឋខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ចំពោះស្ត្រីវិញ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានឱ្យដឹងថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ផងដែរ៕