សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ថវិកាឆ្នាំ២០២៧ បើទោះរាជរដ្ឋាភិបាលបង្កើនទៅលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ ពោលថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចបញ្ជាក់ថា តាមរយៈតួលេខដែលបានចរចារួចរាល់ នៅឆ្នាំ២០២៧ ថវិកាសម្រាប់ចំណាយវិស័យអប់រំមានប្រមាណ ១១០០លានដុល្លារ កើនឡើង៤.៧% បើធៀបនឹងឆ្នាំ២០២៦។ ចំណែកឯថវិកាសម្រាប់ចំណាយវិស័យសុខាភិបាលវិញ មានប្រមាណ ៦៨០លានដុល្លារ កើនឡើង ១.៥% បើធៀបនឹងឆ្នាំ២០២៦។
សម្តេចបានថ្លែងដូច្នេះថា៖ «ខ្ញុំសុំបញ្ជាក់ថា ថវិកាឆ្នាំ២០២៧នេះ សម្រាប់វិស័យអប់រំ គឺកើន៤.៧% និងសុខាភិបាលកើន ១.៥% សូមកុំឱ្យមានការព្រួយបារម្ភទៅលើវិស័យទាំងពីរនេះ។ ទោះយើងត្រូវបង្កើនក្នុងវិស័យការពារជាតិក្តី ក៏យើងមិនកាត់ចំណាយលើវិស័យអាទិភាពទាំងពីរនេះដែរ»។
សូមជម្រាបថា ក្រសួងអប់រំ និងក្រសួងសុខាភិបាល មានបន្ទុកចំណាយធំជាងគេ បើប្រៀបធៀបនឹងក្រសួងស្ថាប័នរដ្ឋផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៦ កញ្ចប់ថវិកាដែលរដ្ឋាភិបាលអនុម័ត សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មានចំនួន ៤ ១៣០.៨ពាន់លានរៀល គិតជាប្រាក់ដុល្លារប្រមាណ ១ពាន់លានដុល្លារ។ ចំណែកឯសុខាភិបាលវិញមានប្រមាណ ៦៨០លានដុល្លារ ខណៈថវិកាចំណាយសម្រាប់ក្រសួងការពារជាតិមានជាង ៧៤០លានដុល្លារ៕
































































