សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ដាំផ្ញើទៅដល់សិស្ស និស្សិតទាំងអស់ថា ការបរាជ័យនៅក្នុងការសិក្សា ប្រសើរជាងបរាជ័យនៅក្នុងជីវិត ប៉ុន្ដែការរៀននៅក្នុងសាលា ក៏ជាមេរៀននៅក្នុងជីវិតដូចគ្នា។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបណ្ដុះបណ្ដាល ការអប់រំ គឺជាការកសាងនូវសមត្ថភាពជំនាញ និងឥរិយាបថ ពោលទាំងពីរនេះត្រូវដើរទន្ទឹមគ្នាមិនអាចមានតែសមត្ថភាពជំនាញ ហើយខ្វះគុណធម៌នៅក្នុងជីវិត មិនមែនជារឿងត្រឹមត្រូវនោះដែរ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការអប់រំរបស់សាលាមិនត្រឹមតែជាការផ្ទេរចំណេះដឹង ឲ្យសញ្ញាបត្រនោះទេ ប៉ុន្ដែនៅពេលនិស្សិតម្នាក់ៗ កាន់សញ្ញាបត្របង្ហាញថា គាត់បានឆ្លងកាត់ដូចសមរភូមិ មានការធ្វើតេស្ដ បង្រៀនឲ្យចេះស្រាវជ្រាវ អំណត់ ចេះតស៊ូក្នុងការបរាជ័យងើបឡើងវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ការបណ្ដុះបណ្ដាល ការអប់រំ គឺការកសាងនូវសមត្ថភាពជំនាញ និងឥរិយាបថ ត្រូវមានទាំងពីរ។ មានតែសមត្ថភាព តែខ្វះគុណធម៌អាចបង្ករឿង ប្រើប្រាស់បោកប្រាស់អ្នកដទៃ។ មានគុណធម៌ត្រឹមត្រូវ ប៉ុន្ដែសមត្ថភាពមានកម្រិត ក៏ជួយមានការលំបាក។ ការអប់រំរបស់សាលាមិនត្រឹមតែជាការផ្ទេរចំណេះដឹង ឲ្យសញ្ញាបត្រនោះទេ ប៉ុន្ដែនៅពេលគាត់កាន់សញ្ញាបត្រ បង្ហាញថាគាត់បានឆ្លងកាត់ដូចសមរភូមិអ៊ីចឹង មានការធ្វើតេស្ដ បង្រៀនឲ្យចេះស្រាវជ្រាវ អំណត់ ចេះតស៊ូក្នុងការបរាជ័យ ងើបឡើងវិញ បើតេស្ដធ្លាក់កុំបាក់ទឹកចិត្ត កុំបោះបង់ចោលត្រូវមកវិញ អ្នកខ្លះរៀនឆ្នាំទី១លំបាកបោះបង់ គ្រូហៅមកវិញជួយបង្រៀនបំប៉នបន្ថែមឲ្យគាត់។ បរាជ័យនៅក្នុងសាលា ប្រសើរជាងការបរាជ័យនៅក្នុងជីវិត រៀននៅក្នុងសាលា ក៏ជាមេរៀនសម្រាប់នៅក្នុងជីវិត»។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់ កុំបាក់ទឹកចិត្តនៅពេលជួបបញ្ហាក្នុងការសិក្សា ពោលត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត៕
































































