នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សស្រុកស្ទោង និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៅសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះផ្ដោតលើការងារសំខាន់ៗ ចំនួនពីររួមមាន ទី១)សេចក្ដីសម្រេចស្ដីពីការបង្កើត និងតែងតាំងសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និង ទី២)ពិនិត្យពិភាក្សាឆ្លងបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំទាំង១៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ និងគណៈអចិន្ត្រៃយ៍គណបក្សស្រុក។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការរួមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ព្រមទាំងបន្តចុះផ្ទាល់ដល់មូលដ្ឋាន សួរសុខទុក្ខប្រជាជន និងសមាជិកបក្សដល់ខ្នងផ្ទះ ដើម្បីដឹងសុខទុក្ខ ក្តីកង្វល់ បញ្ហាប្រឈម និងរួមគ្នាពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅបង្កើនភាពជឿជាក់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេស បន្ដការពង្រីកសមាជិកបក្ស និងជំរុញចលនាយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតថ្មី និងជំរុញសមាជិកបក្សឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមកម្លាំងគ្នាជាធ្លុងមួយ ក្នុងគោលដៅតែមួយ និងលើមាគ៌ាតែមួយ ស្រុះដៃគ្នា និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ជាពិសេសដណ្តើមយកប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕


