ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជាតិ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិកាទាំងប្រាំពីរសណ្ដាន។ ជាក់ស្ដែង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តក្រចេះ រួមជាមួយពុទ្ធបរិស័ទជាច្រើន បានអញ្ជើញចូលរួមកាន់វេនបិណ្ឌទី៦ នៅវត្តផល្លារាម (ហៅវត្តទួលមនោរម្យ) ស្ថិតក្នុងភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ប្រកបដោយសទ្ធាជ្រះថ្លា។
ក្នុងឱកាសនេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទ បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យនានា ទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សា។
ពិធីនេះក៏មានការរៀបចំសូត្រមន្ត រាប់បាត្រ និងវេរភត្តឆ្លង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំង៧សណ្ដាន និងវីរយុទ្ធជន វីរយុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ពិធីបុណ្យភ្ជុំបិណ្ឌក៏ជាឱកាសមួយសម្រាប់បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំ វីរកងទ័ព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីជានិច្ចនិរន្តរ៍។
ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ក្នុងពិធីបុណ្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ជាតិ ក៏ដូចជាការរួមចំណែកថែរក្សាវប្បធម៌ដ៏ផូរផង់នេះឱ្យបានគង់វង្សតរៀងទៅ៕










