អភិបាលខេត្តតាកែវ ចុះពិនិត្យដំណើរការជួសជុលផ្លូវលើខ្នងទំនប់ត្នោតទេរ


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំរោង ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពជួសជុលបន្ទាន់លើកំណាត់ផ្លូវខ្នងទំនប់ត្នោតទេរ។ ផ្លូវមួយខ្សែនេះបានរងការខូចខាតយ៉ាងដំណំ ដែលបង្កការលំបាកដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាខ្លាំង។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវការជួសជុលប្រកបដោយគុណភាព និងឆាប់រហ័ស។ ការខិតខំនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកសំរោង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខាន ឬផលប៉ះពាល់បន្តិចបន្តួចក្នុងអំឡុង ពេលដែល ក្រុមការងារកំពុងបំពេញបេសកកម្មជួសជុលនេះ។ ការជួសជុលផ្លូវនេះ គឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរឡើងវិញ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕