គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រវែងប្រមាណ១៤០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ ដល់ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។ គម្រោងដំឡើងអំពូលសូឡានេះជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកការដ្ឋានសាងសង់អំពូលសូឡា ឯកឧត្តម សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី តែងតែគិតគូរខ្លាំងណាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
ឯកឧត្តមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់អំពូលសូឡាបំភ្លឺតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម សុខ លូ ណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសមិទ្ធផលនានា សម្អាតបរិស្ថាន ទប់ស្កាត់ការរំលោភដីចំណីផ្លូវសាធារណៈ បន្តដាំដើមឈើ និងបន្តបំពាក់ភ្លើងសូឡានៅតាម ទីប្រជុំជនក្នុងឃុំ-សង្កាត់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមោងឫស្សី បានបង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយជាអំពូលសូឡាបំភ្លឺផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរពេលយប់ លើកកម្ពស់សុខសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា ក្នុងការគិតគូរពីសុខសុវត្ថិភាពរបស់ពលរដ្ឋនៅមូលដ្ឋាន សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោក កើត រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានជួយសម្របសម្រួលក្នុងការស្នើសុំបំពាក់ភ្លើងសូឡាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ នៅពេលយប់ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ៕





















