លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្រ ត្រូវតែរូបរួមសាមគ្គីភាពគ្នា ក្នុងការរស់នៅក្រោមដំបូលនៃម្លប់សន្តិភាព។
លោកជំទាវបានលើកឡើងបែបនេះ ក្នុងពេលដែលលោកស្រី និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត អញ្ជើញចូលរួមក្នុងពិធីឆ្លងបិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
លោកជំទាវបានលើកឡើងថា ការរួមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ គឺជាកត្តាសំខាន់មួយ ក្នុងការចូលរួមកសាងសង្គមមួយ ដែលមានសុខដុមរមនា ព្រោះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំសីលធម៌ គុណធម៌ និងការប្រព្រឹត្តល្អ ខណៈអាណាចក្រមានតួនាទីក្នុងការដឹកនាំ គ្រប់គ្រង និងផ្តល់សេវាសាធារណៈ ដើម្បីធានាសុខសុវត្ថិភាព និងការរស់នៅប្រកបដោយសន្តិភាពរបស់ប្រជាពលរដ្ឋ។
លោកជំទាវបានសង្កត់ធ្ងន់ថា ការរួមគ្នារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមិនត្រឹមតែជួយថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសំខាន់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើន និងមានភាពរឹងមាំបន្ថែមទៀត។
លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត ព្រមទាំងយុវជនទើបគ្រប់អាយុ១៨ឆ្នាំ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបានសិទ្ធិ និងតួនាទី ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃខាងមុខនេះ។
លោកជំទាវបានឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសវីរកងទ័ព ស្នេហាជាតិទាំងអស់ បានមកទទួលយកកុសល ផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចតាមបែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះផងដែរ៕

















