រដ្ឋមន្រ្តីក្រសួងអប់រំ ផ្តល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីលើកកម្ពស់ការអនុវត្តកម្មវិធីសាស្ត្របង្រៀនទំនើប


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅក្នុងដំណាក់កាលថ្មី នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)នេះ យើងមានគោលដៅបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកអប់រំនៅ កម្រិតវិញ្ញាបនបត្រជាន់ខ្ពស់អប់រំសម្រាប់ការអប់រំកុមារតូច សរុបចំនួន ២០០នាក់ វិញ្ញាបនបត្រអប់រំសម្រាប់បឋមសិក្សា ៤,០០០នាក់ បរិញ្ញាបត្រអប់រំសម្រាប់បឋមសិក្សា សរុបចំនួន ៦០០នាក់ បរិញ្ញាបត្រកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនសរុបចំនួន ១,០០០នាក់ បរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀនសរុបចំនួន ២,០០០នាក់ បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈគ្រូបង្រៀន សរុបចំនួន ៤០០នាក់ បរិញ្ញាបត្រជាន់ខ្ពស់អប់រំ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស/មន្ត្រី សរុបចំនួន ១០០នាក់ និងកម្រិតបណ្ឌិតអប់រំចំនួន ២០នាក់។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពិធីបើកបវេសនកាលថ្នាក់បរិញ្ញាបត្រអប់រំបឋមសិក្សា វគ្គបណ្តុះបណ្តាលក្នុងកម្មវិធី ១៥ក្រេឌីត សម្រាប់បឋមសិក្សា និង ៣៦ក្រេឌីតសម្រាប់មត្តេយ្យសិក្សា និងបាឋកថាស្តីពី «សារៈសំខាន់នៃការអប់រំនៅមត្តេយ្យសិក្សា និងបឋមសិក្សា» ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលពហុបំណងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើចំនួន ៤ចំណុច ដើម្បីលើកកម្ពស់ការអនុវត្តកម្មវិធីសាស្ត្របង្រៀនទំនើប ដើម្បីធ្វើបរិវត្តកម្មវិស័យអប់រំ និងការកសាងអនាគតនៃយុវជនកម្ពុជា តាមរយៈ៖

១. ការបណ្តុះបំណិនសតវត្សទី២១
២. ការពង្រឹងចំណេះដឹងគរុកោសល្យរបស់គ្រូបង្រៀន ដើម្បីបង្កើនពិន្ទុរង្វាយតម្លៃ PISA
៣. ការលើកកម្ពស់ការសិក្សារៀនសូត្រ ក្នុងយុគ្គសម័យ AI និងឌីជីថល
៤. ជំរុញ និងចូលរួមអនុវត្តចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៃយុទ្ធសាស្តបញ្ចកោល។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគម្រោង ធនាគារពិភពលោក និងជាពិសេស លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ និងសហការី ដែលក្នុងរយៈពេលប្រមាណ ៦ ឆ្នាំកន្លងមកនេះ បានបណ្តុះបណ្តាលបុគ្គលិកអប់រំសរុបជិត ១៣,០០០ នាក់ (ក្នុងនោះមានការបណ្តុះបណ្តាល ៤ក្រេឌីត ចំនួន ២,២៦៧នាក់, កម្រិតបរិញ្ញាបត្រ ៧,៧៤៣នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៧២៣នាក់)។

យោងតាមកិច្ចព្រមព្រៀងរវាងគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF) នៃក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលភារកិច្ចជាអ្នកផ្តល់សេវាបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកអប់រំទូទាំងប្រទេស។ កម្មវិធីបណ្តុះបណ្តាលនេះ គឺផ្តោតលើកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន (LUP) និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន (TUP) ដែលអ្នកសិក្សាគោលដៅរួមមាន មន្ត្រីអប់រំ គ្រូឧទ្ទេសគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពអប់រំចំណេះទូទៅ។

ក្នុងគម្រោង GEIP-AF ២០២៦-២០២៨ មហាវិទ្យាល័យអប់រំនឹងត្រូវបណ្តុះបណ្តាលអ្នកសិក្សាកម្រិតវិញ្ញាបនបត្រជាន់ខ្ពស់អប់រំសម្រាប់ការអប់រំកុមារតូច សរុបចំនួន ២០០នាក់ វិញ្ញាបនបត្រអប់រំសម្រាប់បឋមសិក្សា ៤,០០០នាក់ បរិញ្ញាបត្រអប់រំសម្រាប់បឋមសិក្សា សរុបចំនួន ៦០០នាក់ បរិញ្ញាបត្រកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនសរុបចំនួន ១,០០០នាក់ បរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀនសរុបចំនួន ២,០០០នាក់ បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈគ្រូបង្រៀន សរុបចំនួន ៤០០នាក់ បរិញ្ញាបត្រជាន់ខ្ពស់អប់រំកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស/មន្ត្រី សរុបចំនួន ១០០នាក់ និងកម្រិតបណ្ឌិតអប់រំចំនួន ២០នាក់។ ជាក់ស្តែងនៅក្នុងGEIP-AFនេះ មហាវិទ្យាល័យអប់រំកំពុងបណ្តុះបណ្តាលអ្នកសិក្សាបច្ចុប្បន្នសរុបចំនួន ៤,៧៦៧ នាក់(ស្រី២,២៥២នាក់៕