លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧០គ្រួសារ មកពី ៥ភូមិ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ លោកជំទាវ ឃួន ឃុនឌី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងយកចិត្តទុកដាក់បំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមន្នី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនៅតាមមូលដ្ឋាន។
លោកជំទាវបានមានប្រសាសន៍បន្តថា អំណោយទាំងនេះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងឡើយ។
អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកសុទ្ធ ២យួរ ឃីដ ១កញ្ចប់ (មី ២០កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប ត្រីខ ៥កំប៉ុង) សារុង ១ និងថវិកា ២០,០០០រៀល។
កាយវិការមនុស្សធម៌នេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដើម្បីធានាថាពួកគេមានលទ្ធភាពទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងជម្នះរាល់ការលំបាក។











