លោកអ្នកឧកញ៉ា ទ្រី ភាព ជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ​នៅស្រុកប្រាសាទបល្ល័ង្ក និងជំរុញឱ្យយកចិត្តទុកដាក់លើបញ្ហាប្រជាពលរដ្ឋ


ក្នុងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ​២០២៧ គណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានត្រៀមខ្លួនរួចរា​ល់​ហើយ​តាមផែនការគ្រោងដែលបក្សបានដាក់ចេញ។ នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ គណ​បក្សតាមឃុំនីមួយៗ បានរៀបចំបោះឆ្នោតស្ទង់មតិ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ ទាំង៧​នៅ​ក្នុង​ស្រុកប្រាសាទបល្ល័ង្ក។

ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅពេញមួយថ្ងៃ ហើយលទ្ធផលក៏រើសបានបេក្ខភាព​សម្រាប់​ក្រុមប្រឹក្សាឃុំបូកទាំងបេក្ខជនបម្រុងផងនោះ មានចំនួនសរុប១២៣រូប។ នៅ​​ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា ទ្រី ភាព បេសក​ជន​ពិ​សេស​​សម្តេច​​តេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយ​ស្រុកប្រា​សាទ​បល្ល័ង្ក​ បានអញ្ជើញចុះមកសំណេះសំណាល និងជជែកលើកិច្ចការងារ​មួយ​ចំនួនជា​មួយ​​បេក្ខជន​ក្រុម​ប្រឹក្សា​របស់បក្សទាំង១២៣រូប។

ក្នុងជំនួបនេះ លោកអ្នកឧកញ៉ា បានអបអរសាទរចំពោះបេក្ខជនក្រុមប្រឹក្សាទាំង៧ឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលទទួលបានការគាំទ្រ ព្រមទាំង​បាននាំយកនូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស​ប្រជា​ជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត។

លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញនូវសមិទ្ធផលមួយចំនួនដែលក្រុមការងារ​បក្សសម្រេចបានក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ បន្ទាប់ពីគណបក្សបានសម្រេច​ចាត់តាំងឱ្យចុះមកពង្រឹងការងារក្នុងស្រុកប្រាសាទបល្ល័ង្ក។

លោកអ្នកឧកញ៉ា បានគូស​រំលេចថា រយៈពេលជិតពីរឆ្នាំនេះ ក្រុមការងាររបស់លោក បានប្រឹងប្រែងអស់កម្លាំង​កាយចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានស្រុកប្រាសាទ​បល្ល័ង្ក។ ក្នុងក្របខណ្ឌបក្ស ក្រុមការងារបានសាងសង់ទីស្នាក់ការគណបក្សបាន​រួចរាល់ចំនួន៦ឃុំ នៅសល់តែមួយ​ឃុំ​ទៀតប៉ុណ្ណោះ និងលើកផ្លាកគណបក្សនៅតាមផ្លូវតូចធំក្នុងឃុំទាំង៧។ សម្រាប់ការងារជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋវិញ មានការសាងសង់ផ្លូវ​ក្រួស​ក្រហម សាងសង់ស្ពាន ជួសជុលស្ពាន និងបំពាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាដើម។ សមិទ្ធផលទាំងនោះ បានចំណាយថវិកាសរុបជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក។

លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសរំលេចថា ក្រុមការងាររបស់លោកមកពីវិស័យឯក​ជន តែបានដាក់បេះដូងជួយដល់មូលដ្ឋានស្រុកប្រាសាទបល្ល័ង ដោយមិនចង់បាន​តួ​នា​ទី​អ្វីនៅក្នុងរាជការនោះឡើយ។ លោកអ្នកឧកញ៉ា បានបញ្ជាក់ថា ការប្រឹងប្រែងជួយ​ដល់​បក្ស ក៏ព្រោះតែក្តីស្រឡាញ់ចំពោះបក្ស ដែលជាគណបក្សនយោបាយមួយដ៏ធំនៅ​កម្ពុជា មានថ្នាក់ដឹកនាំដូចជាសម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានបេះដូងស្រឡាញ់ជាតិ និងប្រជាជន ហើយមានឆន្ទៈមុតមាំក្នុងកិច្ចកសាង និង​អភិ​វឌ្ឍជាតិមាតុភូមិ ដូចដែលយើងបានឃើញនូវសមិទ្ធផលជាច្រើនត្រូវបានរំលេច​ឡើង​ជា​ភស្តុតាង។

ក្រៅពីលើកបង្ហាញនូវសមិទ្ធផលដែលក្រុមការងារបក្សសម្រេចបានក្នុងរយៈពេលជិតពីរឆ្នាំមកនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន លើក​បង្ហាញពីការត្រៀមជួសជុលឡើងវិញចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ដែល​រងការខូចខាតក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបនាព្រឹកថ្ងៃនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏​បាន​​ក្រើនរំលឹកដល់បេក្ខជនក្រុម​ប្រឹក្សា​ឃុំទាំង៧ឃុំ ដែលបានជួបជុំគ្នាព្រឹកនេះដែរថា តំណែងតួនាទីរបស់ក្រុមប្រឹក្សាឃុំ គឺបានមកពីប្រជាពលរដ្ឋជាអ្នកផ្តល់ជូនតាមរយៈការបោះឆ្នោត ដូច្នេះត្រូវយកចិត្ត​ទុក​ដាក់​ចំពោះសុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាពិសេសត្រូវឆ្លើយតបឱ្យបានលឿនរហ័ស​លើ​បញ្ហាប្រឈមក្នុងមូលដ្ឋាន ដូចជាការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃជាដើម។

លោកអ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា មេ​ឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ជាអ្នកនៅកៀកកិត​ជិត​ជាមួយប្រជាពលរដ្ឋ ដូច្នេះមិន​ត្រូវ​ទុកឱ្យពលរដ្ឋមានការលំបា​ក​ដោយ​ខ្លួន​មិន​ដឹង​នោះ​ឡើយ។ លោកអ្នកឧកញ៉ា បានបញ្ជាក់ថា ពលរដ្ឋដែលជួបការលំបាក និងមាន​បញ្ហាផ្សេងៗត្រូវរាយការណ៍ឱ្យបានលឿនរហ័សទៅកាន់ក្រុមការងារ ដើម្បីក្រុមការងារ​ដោះ​​ស្រាយជូនពួកគាត់៕