ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងទីរួមខេត្តកណ្តាល
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន, ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរព័ត៌មានខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាន និងសាធារណមតិ យុវជននៅតាមឃុំ-សង្កាត់ទូទាំងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល សរុបជិត ៨០០នាក់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ តាមរយៈការចែករំលែកបទពិសោធន៍លើការវិវត្តនៃបច្ចេកវិទ្យា AI ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការងារព័ត៌មាននិងសាធារណមតិ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ការរៀបចំសិក្ខាសាលានេះ មិនត្រឹមតែជួយបំប៉នសមត្ថភាព និងបង្កើនចំណេះដឹងដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញជាក់ស្តែងក្នុងការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្រឆ្លើយតបត្រឡប់វិញទៅនឹងព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងបកស្រាយបំភ្លឺជូនសាធារណជនបានច្បាស់លាស់ ដើម្បីរក្សាបាននូវស្ថិរភាពព័ត៌មាន សន្តិសុខសង្គម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕












