ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងរាប់បាត្រ បិណ្ឌទី៨ នៅវត្តសុវណ្ណគិរីគង់សំរិទ្ធ ហៅវត្តភ្នំទួល


នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងរាប់បាត្រ បិណ្ឌទី៨ នៅវត្តសុវណ្ណគិរីគង់សំរិទ្ធ ហៅវត្តភ្នំទួល ស្ថិតនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម, ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានអញ្ជើញធ្វើពិធីតាមប្រពៃណីព្រះពុទ្ធសាសនា ដោយអុជទៀន ធូប បូជាផ្កា ថ្វាយបង្គំព្រះរតនត្រ័យ ព្រមទាំងនាំយកទេយ្យទាន និងបច្ច័យបួន ប្រគេនចំពោះព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីចូលរួមទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ពិធីបុណ្យក៏មានការបួងសួងសុំសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនជូនប្រទេសជាតិ ព្រមទាំងសូមឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការរីកចម្រើនប្រកបដោយភាពសុខដុមរមនា និងគង់វង្សជានិរន្តរ៍។

បន្ទាប់មក ព្រះសង្ឃបាននិមន្តសូត្រធម៌ ថ្វាយបង្គំព្រះរតនត្រ័យ និងប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទដែលបានចូលរួម ព្រមទាំងឧទ្ទិសមហាកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តាន ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ក៏បានអញ្ជើញរាប់បាត្រ និងប្រព្រឹត្តបទបង្សុកូល ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការទាំងប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វីរយុទ្ធជន វីរយុទ្ធនារី និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ និងការការពារបូរណភាពទឹកដីកម្ពុជា។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលប្រជាពលរដ្ឋបានប្រតិបត្តិតៗគ្នាមកជាយូរលង់ ដោយឆ្លុះបញ្ចាំងពីការដឹងគុណ ការគោរព និងការរក្សាទំនាក់ទំនងរវាងកូនចៅជាមួយបុព្វការីជន ព្រមទាំងការរួមរស់ប្រកបដោយសាមគ្គីភាព និងសុខដុមរមនាក្នុងសង្គម។

ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តត្បូងឃ្មុំ ក្នុងពិធីបុណ្យកាន់បិណ្ឌទី៨នេះ មិនត្រឹមតែជាការប្រតិបត្តិតាមពុទ្ធឱវាទ និងប្រពៃណីទំនៀមទម្លាប់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកស្ទួយ អភិរក្ស និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ព្រមទាំងលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងស្ថិតស្ថេរជានិរន្តរ៍។

ជាទីបញ្ចប់ សូមអានិសង្សនៃមហាកុសលផលបុណ្យនេះ បានសម្រេចដល់បុព្វការីជន និងញាតិការទាំងប្រាំពីរសន្តាន ព្រមទាំងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕