សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួន ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។
ទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួន ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់មហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) រួមមាន៖
ទីមួយ៖ យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។
ទីពីរ៖ យើងត្រូវពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្ដាប្រទេសអាស៊ាន។ សូមលើកទឹកចិត្ត VECONAC ឱ្យបន្តបម្រើការជាស្ពាន និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អបំផុត ខណៈពេលដែលលើកកម្ពស់កម្មវិធី និងគម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។
ទីបី៖ យើងត្រូវកំណត់ការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ។ សូមលើកទឹកចិត្ត VECONAC និងសមាគមសមាជិក ឱ្យបន្តផ្តល់អាទិភាពដល់សុខភាព ការការពារសង្គម ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន។
ទីបួន៖ យើងត្រូវលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់អតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន បម្រើជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរតែលើកទឹកចិត្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដល់យុវជន។
ទីប្រាំ៖ VECONAC គួរតែមានភាពសកម្ម ធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទរបស់តំបន់។
ទីប្រាំមួយ៖ ស្មារតី VECONAC គួរតែត្រូវបានថែរក្សា និងលើកកម្ពស់ ដើម្បីបម្រើជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តសមាគមជាសមាជិកទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់ VECONAC រួមមានកិច្ចសហប្រតិបត្តិការ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីមេត្តាធម៌។
សម្ដេចជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី២៥ នេះនឹងសម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការបន្តលើកកម្ពស់តួនាទីរបស់ VECONAC ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព៕
















































































