សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក ហើយអតីតយុទ្ធជន និងនិវត្តជនគឺជាប្រតិបត្តិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥, ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននេះ បានរៀបចំធ្វើឡើងនៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា អតីតយុទ្ធជន និងនិវត្តជន គឺជាប្រតិបត្តិករផ្ទាល់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ ដោយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិពីគ្រប់ភាគី និងស្មារតីឈ្នះ-ឈ្នះ គ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រប់ឡើយ។
នាឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា ដោយសារផលលាភនៃសន្តិភាពនេះហើយ ទើបកម្ពុជាអាចស្តារកិតិ្តយសរបស់ខ្លួននៅលើឆាកអន្តរជាតិ និងមានទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដូចនេះ ហើយដោយសារសន្តិភាពនេះ កម្ពុជាបានរីកចម្រើនស្ទើរតែមិនគួរឲ្យជឿ បើប្រៀបធៀបទៅនឹងអ្វីដែលអតីតយុទ្ធជន និងនិវត្តជនបរទេសបានជួបប្រទះនៅពេលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាលពីមួយទសវត្សរ៍ ឬពីរទសវត្សរ៍មុន ឬមុននេះទៀត។
សូមបញ្ជាក់ដែរថា នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយបានដាក់ចេញ និងអនុវត្តន៍ពីឆ្នាំ១៩៩៦-១៩៩៨ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ។ នយោបាយនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការគិតគូរគ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិជាធំ។
គោលការណ៍គ្រឹះទាំងបីនៃនយោបាយនេះរួមមាន៖ ទី១-ធានាសុវត្ថិភាពនិងអាយុជីវិតផ្ទាល់ខ្លួន និងគ្រួសារសម្រាប់អ្នកដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម, ទី២-ធានាអាជីព និងមុខរបរ ដោយផ្តល់លទ្ធភាពបន្តមុខរបរចិញ្ចឹមជីវិត, និងទី៣-ធានារក្សាទ្រព្យសម្បត្តិដែលពួកគេធ្លាប់មាន និងកាន់កាប់ ដោយគ្មានការដកហូត។ នយោបាយឈ្នះ-ឈ្នះ គឺជាការបំពេញបន្ថែមទៅលើយុទ្ធសាស្ត្រ «DIFID» ដែលមានគោលដៅផ្តួលរំលំអង្គការចាត់តាំងខ្មែរក្រហម។
នយោបាយនេះបាននាំមកនូវការបង្រួបបង្រួមជាតិ ដោយគ្មានអ្នកឈ្នះ ឬចាញ់ឡើយ ប៉ុន្តែជាស្មារតីបង្រួបបង្រួមដែលផ្តល់ឱកាសឲ្យគ្រប់ភាគីរួមគ្នាអភិវឌ្ឍប្រទេស។ វាបានបង្កើតជំនឿទុកចិត្តគ្នាទៅវិញទៅមក និងទទួលស្គាល់ថា សង្គ្រាមមិនអាចមានអ្នកឈ្នះឡើយ៕
















































































