រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាត្តជូនលោកស្រី ម៉ាហា ដាម៉ាច (Maha Damaj) នាយិការអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកស្រីដែលទទួលបានការតែងតាំងជានាយិការអង្គការ UNICEF ប្រចាំនៅកម្ពុជា និងបានជម្រាបជូនប្រតិភូអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យរបស់ខ្លួនគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន៥ ធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនៅកម្មវិធីអទិភាពទាំង ៥ នេះក្រសួងអភិវឌ្ឍន៍ជនបានសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដោយសមិទ្ធិផលទាំងនោះក៏មានការចូលរួមចំណែកពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះ UNICEF ក៏ជាដៃគូដ៏ជិតស្និតមួយរបស់ក្រសួងផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថានាពេលកន្លងមក UNICEF បានគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទទាំងធនធាន និងបច្ចេកទេសដោយផ្តោតខ្ពស់លើវិស័យទឹកស្អាត និងអនាម័យ។ ជាងនេះទៅទៀតនៅពេលកម្ពុជាកុំពុងមានជម្លោះតាមបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង UNICEF ក៏បានជួយជាសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ការជីកអណ្តូងស្នប់ និងការបំពាក់ភ្លើងបំភ្លឺ ជូនដល់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តចំនួន ០៤ ដែលរួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិសាត់ ផងដែរ។
បន្ទាប់ពីប្រសាសន៍ស្វាគន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួមមក លោកស្រីនាយិការ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយតាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗជាច្រេីនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ លោកស្រីក៏សម្តែងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសគឺការផ្តល់ជាជំនួយបច្ចេកទេសលើបញ្ហាកត្តាការប្រែប្រួលអាកាសធាតុបាតុភូត EI Niño (អែលនីញ៉ូ) ដែលកំពុងកើតមាន និងផ្តល់ផលប៉ះពាល់នាពេលបច្ចុប្បន្ននេះ។
មុននិងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រីនាយិការ និងសហការីដែលបានអញ្ជើញមកនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រីនាយិការ ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត ៕


