ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំផ្ដៅជុំ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារ បានអញ្ជើញចុះបំពេញបេសកកម្ម និងចូលរួមពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏សំខាន់ នៅតាមបណ្ដាវត្តនានាក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងដំណើរចុះបំពេញកិច្ចការងារមនុស្សធម៌ និងសាសនាដ៏មានអត្ថន័យនេះ ឯកឧត្តម ជា ធីរិទ្ធ និងគណៈប្រតិភូ បានអញ្ជើញទៅកាន់វត្តចំនួន ៣ តាមលំដាប់លំដោយរួមមាន៖
វេលាម៉ោង ០៨:០០នាទីព្រឹក៖ អញ្ជើញដល់វត្តត្នោតទុំ
វេលាម៉ោង ០៨:៣០នាទីព្រឹក៖ អញ្ជើញដល់វត្តមនោព្រហ្ម
វេលាម៉ោង ០៩:០០នាទីព្រឹក៖ អញ្ជើញដល់វត្តផ្ដៅជុំ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តមប្រធានក្រុមការងារ និងសមាជិកទាំងអស់ បានរួមគ្នាប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា ដើម្បីទុកសម្រាប់ទ្រទ្រង់ជីវភាពក្នុងវិស័យព្រះពុទ្ធសាសនា។
ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ជើញធ្វើពិធីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ តាមគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរតាំងពីដូនតា។
ក្រោយពីបញ្ចប់កិច្ចពិធីតាមផ្លូវសាសនា ឯកឧត្តម ជា ធីរិទ្ធ រួមជាមួយក្រុមការងារ បានទទួលទានអាហារថ្ងៃត្រង់រួមគ្នា នៅវត្តផ្ដៅជុំ ក្នុងបរិយាកាសពោរពេញដោយភាពសាមគ្គីភាព កក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត៕


