(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ហាញការគោរព ដឹងគុណ និងរំឭកដល់គុណបំណាច់របស់សិល្បករជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត និងទេពកោសល្យ ដើម្បីថែរក្សា និងបន្តមរតកសិល្បៈ វប្បធម៌ខ្មែរ។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងចាស់ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បកររៀមច្បង និងបងប្អូនសិល្បករ-សិល្បការិនីជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានសម្តែងនូវក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែង ដែលបានរៀបចំការជួបជុំជាមួយវីរសិល្បករ និងសិល្បកររៀមច្បងជាថ្មីម្តងទៀត ស្របតាមការសន្យា និងចំឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ។
លោកជំទាវអ្នកឧកញ៉ាប្រធាន មានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលកូនខ្មែរជួបជុំគ្នា ដើម្បីរំឭកគុណ និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងអ្នកមានគុណដែលបានចែកឋានទៅ។ ប៉ុន្តែការជួបជុំក្នុងថ្ងៃនេះ គឺជាឱកាសពិសេសមួយសម្រាប់កូនខ្មែរជំនាន់បច្ចុប្បន្ន បានរំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងជួបជុំគ្នាយ៉ាងកក់ក្តៅ។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកដ៏មានតម្លៃ ហើយវីរសិល្បករ និងសិល្បកររៀមច្បង គឺជាអ្នកបន្តទទួលមរតកនោះ បន្តថែរក្សា បន្តសម្តែង បន្តបង្រៀន និងបន្តប្រគល់ចំណេះដឹង និងបទពិសោធន៍ទៅកាន់ជំនាន់ក្រោយ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា «ថ្ងៃនេះយើងមិនត្រឹមតែជួបគ្នាដើម្បីសួរសុខទុក្ខទេ ប៉ុន្តែយើងមកដើម្បីនិយាយពាក្យថា សូមអរគុណ» ចំពោះការលះបង់គ្រប់យ៉ាង ដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ ចំពោះបទពិសោធន៍ ចំណេះដឹង និងស្នាដៃដែលបានបន្សល់ទុក ព្រមទាំងការថែរក្សា និងការពារអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរ ឱ្យបន្តរស់រានរហូតមកដល់ជំនាន់ក្រោយ។ សិល្បៈ និងវប្បធម៌ខ្មែរដែលយើងបានឃើញនៅថ្ងៃនេះ មិនបានកើតឡើងក្នុងរយៈពេលមួយថ្ងៃឡើយ ហើយក៏មិនអាចគង់វង្សដោយឯកឯងបានដែរ។ ឆ្លងកាត់ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរជាច្រើនដំណាក់កាល ភាពគង់វង្សនៃស្នាដៃសិល្បៈគ្រប់ទម្រង់ គឺសុទ្ធតែកើតចេញពីការតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់។
វីរសិល្បករ និងសិល្បកររៀមច្បងជាច្រើន បានចំណាយពេលវេលាដ៏ល្អបំផុតនៃជីវិតរបស់ខ្លួន ដើម្បីវិស័យសិល្បៈ និងវប្បធម៌។ អ្នកខ្លះបានចាប់ផ្តើមតាំងពីវ័យក្មេង អ្នកខ្លះបានឈរលើឆាកអស់រយៈពេលរាប់សិបឆ្នាំ អ្នកខ្លះបានលះបង់ជីវិតដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ខណៈអ្នកខ្លះទៀតបានខិតខំរក្សាទម្រង់សិល្បៈបុរាណ ដែលប្រឈមនឹងការបាត់បង់ ហើយមានអ្នកខ្លះបាននាំយកស្នាដៃសិល្បៈខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ។ លោកជំទាវអ្នកឧកញ៉ាប្រធាន បានលើកឡើងថា ការលះបង់ទាំងនេះ មិនអាចវាស់តម្លៃបានត្រឹមតែជាប្រាក់កាស ឬរង្វាន់មួយឡើយ ព្រោះអ្វីដែលវីរសិល្បករ និងសិល្បកររៀមច្បងបានផ្តល់ឱ្យ គឺជាមរតករបស់ជាតិទាំងមូល។ ដូច្នេះការជួបជុំសួរសុខទុក្ខ និងបង្ហាញការគោរពចំពោះពួកគាត់ គឺជាការបង្ហាញថា សង្គមខ្មែរមិនភ្លេចអ្នកដែលមានគុណបំណាច់ចំពោះជាតិឡើយ។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ាប្រធាន បានបញ្ជាក់ពីបំណងចង់ឱ្យសិល្បកររៀមច្បង បន្សល់ទុកមិនត្រឹមតែស្នាដៃ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍ និងស្មារតីនៃការលះបង់ ដើម្បីឱ្យសិល្បករជំនាន់ក្រោយអាចបន្តអភិវឌ្ឍសិល្បៈខ្មែរ ឱ្យមានភាពទំនើប និងច្នៃប្រឌិតខ្ពស់ ប៉ុន្តែមិនបាត់បង់ឫសគល់ និងអត្តសញ្ញាណជាតិ។ ក្នុងនាមសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាប្រធាន បានប្តេជ្ញាបន្តដើរតាមមាគ៌ាដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងការគាំពារ និងយកចិត្តទុកដាក់ចំពោះវីរសិល្បករ និងសិល្បកររៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើ និងថែរក្សាវប្បធម៌ជាតិ។
លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំជាតិ ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱវាទដ៏មានតម្លៃ ពិសេសការឧបត្ថម្ភថវិកាទ្រទ្រង់ ជាប្រចាំឆ្នាំដល់សមាគមសិល្បករខ្មែរ ដើម្បីបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការគាំពារ និងលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ជាតិ។ លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូគាំទ្រសមាគមសិល្បករខ្មែរ ដែលបានរួមចំណែកផ្តល់មូលនិធិប្រចាំឆ្នាំ និងការគាំទ្រផ្សេងៗ ឱ្យសមាគមអាចដំណើរការបេសកកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រ លើកស្ទួយវិស័យវប្បធម៌ និងឧបត្ថម្ភគាំទ្រដល់សិល្បករ សិល្បការិនី ព្រមទាំងបានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះឡើង។ លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ម្លប់សន្តិភាព គឺជាកត្តាចម្បងមួយដែលផ្តល់ឱកាស ឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយសាមគ្គីភាព ក្នុងមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរ ដោយសេចក្តីសុខ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចបន្តថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។
លោកជំទាវបណ្ឌិតសភាចារ្យ បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវអ្នកឧកញ៉ាប្រធាន ពាក់ព័ន្ធនឹងតួនាទីដ៏សំខាន់របស់សិល្បករ និងសិល្បការិនីគ្រប់ជំនាន់ និងគ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីខ្មែរ សិល្បៈដ៏ផូរផង់ និងផ្សព្វផ្សាយមរតកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។ លោកជំទាវបណ្ឌិតសភាចារ្យ បានគូសរំលេចថា មរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុក មានទាំងសិល្បៈ តន្ត្រី ស្ថាបត្យកម្ម អក្សរសាស្ត្រ ម្ហូបអាហារ សម្លៀកបំពាក់ និងរបៀបរស់នៅ ដែលសុទ្ធតែជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិ និងជាមរតកដែលកូនខ្មែរគ្រប់ជំនាន់ត្រូវបន្តថែរក្សា និងបញ្ជូនទៅកាន់ជំនាន់ក្រោយ។
កម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ មិនត្រឹមតែជាការជួបជុំក្នុងឱកាសបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតី «រំឭកគុណអ្នកមានគុណ» និងការគោរពចំពោះអ្នកដែលបានចំណាយជីវិតដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ។ ជាមួយគ្នានេះ ក៏ជាការបន្តភ្ជាប់ទំនាក់ទំនងរវាងសិល្បករគ្រប់ជំនាន់ និងបន្តបណ្តុះស្មារតីស្រឡាញ់ មោទនភាព និងការទទួលខុសត្រូវចំពោះមរតកវប្បធម៌ជាតិ៕


















