រដ្ឋបាលខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍ ក្នុងក្រុងសៀមរាប


(សៀមរាប)៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការ ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍ (ហៅវត្តលើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំទូលាយ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជនជាតិខ្មែរយើង។ ពីធីបុណ្យនេះ មានរយៈពេលសរុប ១៥ថ្ងៃ (ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ)។

ព្រះយសសិរីធម្ម មានថេរដីកាថា ពិធីបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ គ្រាប់ជំនាន់បានប្រតិបត្តិបន្តតាំងពីបុរាណកាលមក និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយព្រះពុទ្ធសាសនាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ មានតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពតទេ បានបំបាត់ប្រពៃណី សាសនាស្ទើរគ្មានសល់ មិនឲ្យប្រជាជនយើងគោរពប្រតិបត្តិឡើយ។

ព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ បញ្ជាក់ថា ការធ្វើបុណ្យទាន ក្នុងរដូវកាលនេះ គឺជាឱកាសឲ្យពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូ កតវេទិតាធម៌ ចំពោះមាតាបិតាជីដូនជីតានិងបុព្វការីជន។ ម៉្យាងទៀត ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឲ្យជ្រះថ្លា ប្រព្រឹត្តអំពើល្អ រក្សាសីល ចេះចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមក។ ចំពោះការធ្វើអំពើល្អ ដោយកាយវាចាចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំង ក្នុងគ្រួសារនិងសង្គម។

ព្រះយសសិរីធម្ម មានថេរដីកាបន្ថែមថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និងឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ ដើម្បីបានទៅកាន់សុខគតិភពថ្មី និងឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ជាមួយចោរសៀមឈ្លានពាន ដើមី្បរក្សានូវសុខសន្តិភាព ជូនដល់ជាតិមាតុភូមិ និងប្រជាជន រស់នៅដោយក្តីសុខសាន្ត៕