(បាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានចំនួន ១៤៨នាក់ នារី ១៨៧នាក់។
សូមបញ្ជាក់ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ជាសាកលវិទ្យាល័យឯកជនមួយកើតឡើងក្នុងឆ្នាំ១៩៩៨។ សាកលវិទ្យាល័យបានផ្តល់ការបណ្តុះបណ្តាលចាប់ពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតលើ៥ មហាវិទ្យាល័យ រួមមាន មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច, និងមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍជនបទ។
សាកលវិទ្យាល័យបានពង្រីកទីតាំងជាបន្តបន្ទាប់ទៅតាមតម្រូវការ និងសំណូមពររបស់និស្សិត មន្ត្រីរាជការ ព្រះសង្ឃ។ បច្ចុប្បន្នសាកលវិទ្យាល័យមានចំនួន ៦សាខា រួមមាននៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ចាម ព្រះសីហនុ កោះកុង និងក្រចេះ។
បច្ចុប្បន្ន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ទីតាំងគោលក្នុងខេត្តបាត់ដំបង មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យសរុបចំនួន ១៦៩នាក់ (នារី ៣៩នាក់), មាននិស្សិតកំពុងសិក្សាចំនួន ២ ២៩៥នាក់ ( នារី ១.៣៩៩នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៧០នាក់ (នារី ១០៧នាក់)។
របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលបញ្ចប់ការសិក្សាបានទទួលឱកាសការងារសមរម្យនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជន ខណៈនិស្សិតខ្លះទៀតយកចំណេះរបស់ពួកគេទៅប្រកបការងារផ្ទាល់ខ្លួន។ របាយការណ៍បង្ហាញថា និស្សិតជ័យលាភីទទួលសញ្ញាបត្រទទួលសញ្ញាបត្រនៅថ្ងៃនេះ ក្នុងចំណោមនិស្សិតកម្រិតបរិញ្ញាបត្រ ១ ៨៧៩នាក់ មានការងារធ្វើចំនួន ១,២០១នាក់ ស្មើនឹង ៧៦ភាគរយ ក្នុងនោះ ៧ភាគរយ មានគំនិតច្នៃផលិតបង្កើតអាជីវកម្មខ្លួនឯងជាសហគ្រិនភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងផ្តល់កិត្តិយសជូនដល់សាកលវិទ្យាល័យ ហើយបានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតតាំងពីពេលសម្តេចមិនទាន់កាន់ការងារជានាយករដ្ឋមន្ត្រីមកម្ល៉េះ។ គិតទាំងកម្មវិធីនាព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតរបស់សាកលវិទ្យាល័យចំនួន៥លើកហើយ។
តាមរយៈការឆ្លៀតពីការងារបម្រើជាតិដ៏មមាញឹករបស់សម្តេចមហាបវរធិបតី ជាសក្ខីភាពដ៏ប្រត្យក្សនូវការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី និងរាជរដ្ឋាភិបាល ចំពោះការសិក្សាអប់រំស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍មូលធនមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើន៕

