កំពង់ចាម៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឃ្វាលើ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរភូមិ-ឃុំ រួមជាមួយ ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយនាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តចតុពោធិវនារាម ហៅវត្តល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃ្វាលើ និងមន្ត្រីរាជការ បានធ្វើកិច្ចប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា និងបានប្រគេនចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសមហាកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ទន្ទឹមនោះ ក៏បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីមង្គលជូនប្រជាពលរដ្ឋ ជាពិសេស សូមឲ្យបារមី វត្ថុសក្ដិសិទ្ធិ នៅក្នុងលោក ក៏ដូចជា បារមី វត្តចតុពោធិវនារាម ហៅវត្តល្វាលើ សូមតាមឃុំគ្រងបីបាច់ថែរក្សា សម្ដេចអគ្គមហាតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា រក្សាបានជានិរន្តរ៍ សុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនថ្មីៗ បន្ថែមទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម បាននាំយកទេយ្យវត្ថុ និងចង្ហាន់បិណ្ឌបាត្រ វេប្រគេនព្រះសង្ឃរួមមាន៖ អង្ករ ២០០គីឡូក្រាម, ទឹកត្រី ២០យួ ទឹកស៊ីអ៊ីវ ២០យួ ទឹកសុទ្ធ ២០យួ មី ៥កេស ទឹកកូកា ៥កេស កាហ្វេ ៣កញ្ចប់ និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
សូមរំលឹកថា បុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យនានា របស់អ្នកកាន់ព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខាងឡើយ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥រោច មានរយៈពេល ១៥ថ្ងៃ ដែលយើងហៅថា បិណ្ឌ១ បិណ្ឌ២… និងថ្ងៃបញ្ចប់ គឺជា «ថ្ងៃភ្ជុំបិណ្ឌ»។ជា
រៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ ដែលមានបងប្អូនកូនចៅ ជាគ្រួសារសាច់ញាតិ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ការប្រតិបត្តិទំនៀមទម្លាប់នេះ ត្រូវបានប្រជាជនខ្មែរអនុវត្ត និងបន្តផ្សព្វផ្សាយតៗគ្នាពីជំនាន់មួយទៅមួយជំនាន់ ដើម្បីរក្សាប្រពៃណី វប្បធម៌ និងសាសនាដ៏ល្អប្រពៃរបស់ជាតិឱ្យបានគង់វង្សជានិរន្តរ៍ផងដែរ៕


