ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំការបោះឆ្នោតស្ទាបស្ទង់ដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជាឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំការបោះឆ្នោតស្ទាបស្ទង់ដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជាឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៩ ព្រមទាំងគណៈកម្មាធិការបក្សស្រុក និងប្រធានគណបក្សឃុំ សរុបចំនួន ៥០រូប។ 

ជាកិច្ចចាប់ផ្ដើម លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់អំពីស្ថានភាពទូទៅ, ការកសាងសមាជិកបក្ស, ការងារចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦, និងការរៀបចំសេចក្តីព្រាងបឋមបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើររើសក្រុមប្រឹក្សាឃុំ នៅទូទាំងស្រុកទឹកផុសជូនដល់អង្គពិធី។ បន្ទាប់ពីរបាយការណ៍ស្វាគមន៍រួចមក អង្គប្រជុំ បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ លើនីតិវិធីនានាសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតស្ទាបស្ទង់មតិដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសបេក្ខជនគណបក្សឈរឈ្មោះបោះឆ្នោត, ការពិនិត្យលើលក្ខណៈសម្បត្តិបេក្ខជន ការកំណត់សមាសភាពអង្គបោះឆ្នោត ដោយផ្អែកលើលក្ខណៈសម្បត្តិនៃការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលគណបក្សបានកំណត់ និងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតធ្វើឱ្យគណបក្សសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានណែនាំដល់អង្គប្រជុំទាំងមូល យកស្មារតីដែលបានឯកភាពក្នុងកិច្ចប្រជុំ ទៅអនុវត្តឱ្យសម្រេចបានជោគជ័យ និងត្រូវត្រៀមលក្ខណៈ និងមធ្យោបាយដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។ គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យទី៦ ខែ មិថុនា ឆ្នាំ ២០២៧ ជាកាលបរិចេ្ឆទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦៕