(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Gordan Grlic-Radman រដ្ឋមន្ត្រីក្រសួង ការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត Gordan Grlić Radman អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម បណ្ឌិត Gordan Grlić Radman បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លើសពីនេះ ឯកឧត្តមបណ្ឌិត Gordan Grlić Radman ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។
ទស្សនកិច្ចផ្លូវការនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជំរុញចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕










