នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីបេីកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៧ -២០២៩ របស់រដ្ឋបាលក្រុងស្វាយរៀង និងសង្កាត់។
សិក្ខាសាលានេះមានការអញ្ជេីញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយក រដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់សិក្ខាសាលានេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។
ឯកឧត្តមបន្តថា អាជ្ញាធរក្រុងស្វាយរៀង ត្រូវប្រើឱកាសនេះដេីម្បីផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាឱ្យល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហាប្រឈមរួម ដែលកើតមាននៅតាមបណ្តាសង្កាត់ភាគច្រើនក្នុងដែនដីរបស់ខ្លួន គឺមិនអាចដោះស្រាយបញ្ហាតាមសង្កាត់ នីមួយៗ ដាច់ដោយឡែកពីគ្នាបានទេ។ ចំពោះមន្ទីរអង្គភាពនីមួយៗ ការជួយគាំទ្រគម្រោងសកម្មភាពនានា គឺដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមយុទ្ធសាស្ត្រអាទិភាពរបស់ខេត្តនិងជាតិ ទៅតាមថវិកាដែលខ្លួនមាន និងត្រូវឆ្លើយបំភ្លឺជូនសង្កាត់ ពាក់ព័ន្ធនឹងអង្គសិក្ខាសាលានូវមូលហេតុទាំងឡាយ ដែលបានគាំទ្ររួចហើយ ប៉ុន្តែមិនបានអនុវត្ត ឬមិនទាន់បានអនុវត្តក្នុងកិច្ចព្រមព្រៀង នាឆ្នាំកន្លងទៅ។ ដូច្នេះ សូមស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ និងធ្វើការ សម្រេចចិត្តគាំទ្រគម្រោងសកម្មភាពអាទិភាពរបស់ក្រុង និងសង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅ គម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តមបន្ថែមថា គម្រោងសកម្មភាពអាទិភាពរបស់ក្រុងស្វាយរៀង បានស្នើឡើងចំនួន ៣៩គម្រោង ស្មើនឹង ១៥% នៃគម្រោងក្រុង ស្រុកទាំង៨ សរុបចំនួន២៥១គម្រោង និងគម្រោងសកម្មភាពអាទិភាពរបស់ សង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង សរុបចំនួន ២២៥គម្រោង ស្មើនឹង៧,៧៣% នៃគម្រោងទាំង៨០ឃុំ សង្កាត់ សរុបចំនួន ២.៩១៤គម្រោង។ គម្រោងសកម្មភាពអាទិភាពទាំងអស់នេះ គឺជាគោលបំណងដ៏សំខាន់របស់ប្រជាជន ដែលទាមទារ យកចិត្តទុកដាក់ពិនិត្យ ពិចារណា និងខិតខំជួយគាំទ្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឈានទៅ កាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័សឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ខេត្ត និងចក្ខុវិស័យរបស់ខេត្ត គឺ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឱ្យបានយ៉ាងតិច១%ក្នុងមួយឆ្នាំ។
ឯកឧត្តមបានស្នើដល់ ក្រុមប្រឹក្សាសង្កាត់ ត្រូវធ្វើការកែសម្រួល ដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និង កិច្ចសន្យានានា រួចធ្វើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការ ខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្ត្រីការិយាល័យផែនការ និងគាំទ្រសង្កាត់ ជាអ្នក ជួយនិងចូលរួមទទួលខុសត្រូវ ជំរុញកិច្ចការនេះឱ្យបានទាន់ពេលវេលា៕







































