នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលបានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ម សារិន សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្ស ព្រមទាំងវត្តមានអញ្ជើញចូលរួមជាភ្ញៀវកត្តិយសពីសំណាក់ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈឃោសនាអបរ់នៃគណៈកម្មាធិការកណ្តាល និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃស្ថាប័នជុំវិញគណៈកម្មាធិការកណ្តល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ឯកឧត្តម ម៉ម សារិន បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៨ និងបាននាំមកនូវជាមួយពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់ សម្ដេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សជូនដល់អង្គពិធីទាំងមូល។
ឯកឧត្តម ម៉ម សារិន បានលើកឡើង ថា ហេតុអ្វីបានជាមន្រ្តីគណបក្សយើងត្រូវរៀនវគ្គនយោបាយ? ឯកឧត្តមបញ្ជាក់ថា ពាក្យនយោបាយនៅទីនេះមានន័យថា ជាវិធីសាស្រ្ត ឬជាសិល្បៈ ឬជាបច្ចេកទេសនៃការដឹកនាំគ្រប់គ្រងរដ្ឋ។ ដូច្នេះ ពិតជាមានការចាំបាច់ណាស់ដែលមន្រ្តីយើងត្រូវតែយល់ដឹងពីទស្សនៈ គោលជំហរ គោលការណ៍ គោលមាគ៌ានយោបាយរបស់គណបក្ស ដែលទាំងអស់នេះ គឺសុទ្ធតែជាទ្រឹស្តី ឬជាវិធីសាស្រ្តទាក់ទងដល់ការដឹកនាំគ្រប់គ្រងរដ្ឋរបស់គណបក្សយើង។ ក្នុងន័យនេះ ការរៀនវគ្គនយោបាយ គឺដើម្បីឱ្យមន្រ្តីយើងមានមូលដ្ឋានរឹងមាំក្នុងការជឿជាក់លើការដឹកនាំរបស់គណបក្ស និងដើម្បីលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីឱ្យបំពេញភារកិច្ចបានល្អដែរ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សនៅក្នុងដំណាក់កាលនីមួយៗ។
ឯកឧត្តម ម៉ម សារិន បានគូសបញ្ជាក់ថា គណបក្សបានយកចិត្តទុកដាក់ដល់ការអប់រំនយោបាយតាំងពីដំណាក់កាលតស៊ូដើម្បីឯករាជ្យ ពីដំណាក់កាលតស៊ូដើម្បីរំដោះសង្រ្គោះជាតិ និងចាប់តាំងពីក្រោយថ្ងៃរំដោះជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន។ ជាពិសេសចាប់ពីក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក (ពេលនោះយើងហៅថា កម្មាភិបាល) សុទ្ធតែត្រូវបានចាត់តាំងឲ្យរៀនសូត្រក្នុងវគ្គអប់រំនយោបាយ រយៈពេលខ្លី (ពី ១ខែ ដល់ ៣ខែ) រយៈពេលមធ្យម (ពី ៦ខែ ដល់ ១ឆ្នាំ) និងរយៈពេលវែង (ពី ២ឆ្នាំ ដល់ ៤ឆ្នាំ) ស្របតាមតួនាទី ភារកិច្ចដែលគណបក្សបានប្រគល់ឲ្យក្នុងស្ថាប័នបក្ស ស្ថាប័នរដ្ឋ និងស្ថាប័នអង្គការមហាជន ទាំងក្នុងប្រទេស និងក្រៅប្រទេសទៀតផងដែរ។ ឯកឧត្តមបន្តថា ចាប់ពីក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីសរហូតមកដល់ឆ្នាំ២០១៥ គណបក្សបានបើកតែវគ្គអប់រំផ្សព្វផ្សាយរៀនសូត្រអំពីសភាពការណ៍ និងការងារសំខាន់ៗរបស់គណបក្សតែប៉ុណ្ណោះ ដោយមិនមានបើកវគ្គរៀនសូត្រដែលមានលក្ខណៈជាប្រព័ន្ធទេ។ ប៉ុន្តែ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៥ មកដល់បច្ចុប្បន្ននេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលបានរៀបចំវគ្គដែលមានលក្ខណៈជាប្រព័ន្ធឡើងវិញ ហើយមកដល់ពេលនេះបើកវគ្គអប់រំនយោបាយកម្រិ១ បាន ៩២វគ្គរួចហើយ ដែលវគ្គកម្រិត១ នេះ ក៏ត្រូវបានថ្នាក់រាជធានី ខេត្ត ក្រសួង ស្ថាប័ន បានបន្តបើកបានជាច្រើនវគ្គទៀតដែរទៅតាមការជាក់ស្តែងរបស់រាជធានី ខេត្តក្រសួង ស្ថាប័នរបស់ខ្លួន។ ឯវគ្គអប់រំនយោបាយកម្រិត២ ដែលបានចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២៣ មកដល់ពេលនេះ បាន ២៨វគ្គ រួមជាមួយវគ្គដែលក្មួយៗកំពុងតែរៀននេះ។ ឯកឧត្តមបញ្ជាក់ថា ជាលទ្ធផល ការបើកវគ្គអប់រំនយោបាយនេះត្រូវបានគណបក្សគ្រប់ថ្នាក់វាយតម្លៃថា បានឆ្លើយតបតាមសំណូមពរនៃការងារកសាងពង្រឹងគណបក្សនៅក្នុងសភាពការណ៍ថ្មីនៅកម្ពុជា។ ជាមួយនេះ សិក្ខាកាមដែលបានចូលរួមរៀនសូត្រក៏បានសម្តែងនូវការពេញចិត្តដោយបានចូលរួមវគ្គនយោបាយទាំងពីរកម្រិតនេះផងដែរ។ សម្រាប់វគ្គកម្រិត២ ដែលមានបញ្ចូលមេរៀនទស្សនវិជ្ជា “សម្ភារនិយមវិចារវិទ្យា” ផងនោះ ឯកឧត្តមបញ្ជាក់ជូនថា ឯកសារនេះត្រូវបានសម្តេចប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ហើយសម្តេចធ្លាប់មានប្រសាសន៍ក្នុងន័យថា “មន្រ្តីគណបក្សយើងដែលជាអ្នកបន្តវេន គឺបានសិក្សារៀនសូត្រជំនាញផ្សេងៗមកពីបណ្តាប្រទេសច្រើនខុសៗគ្នានៅក្នុងពិភពលោកនេះរួចហើយ។ ជាមួយគ្នានេះ មន្រ្តីរបស់យើងគួរតែត្រូវបានបណ្តុះបណ្តាលបន្ថែមអំពីវិធីសាស្រ្តត្រិះរិះពិចារណាប្រកប ដោយវិទ្យាសាស្ត្រនេះទាំងអស់គ្នា ដើម្បីងាយស្រួលធ្វើការងារជាមួយគ្នា”។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក ឯកឧត្តមប្រធានបានចូលរួមមតិមួយចំនួនរួមមាន ៖
១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីគ្រប់គ្រងវគ្គផងនោះ សូមខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយនេះឲ្យបានល្អ។ ២.សម្រាប់គ្រូឧទ្ទេសនាមគ្រប់រូប គឺសុទ្ធតែជាគ្រូឧទ្ទេសដែលមានសមត្ថភាព និងលទ្ធភាព ដែលអាចចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមនៅក្នុងវគ្គនេះ ប្រកបដោយទឹកចិត្តទូលំទូលាយជាទីបំផុត។ ៣.សូមសិក្ខាកាមគ្រប់រូបប្រមូលផ្តុំអារម្មណ៍ក្នុងការរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់សក្តិសមនឹងកិត្តិនាមជាមន្រ្តីល្អរបស់គណបក្សដើម្បីធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រទេសជាតិ ប្រជាជន និងគណបក្ស ឲ្យកាន់តែបានល្អប្រសើរថែមទៀត។ ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត រក្សាមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខា-កាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គ ដោយស្មារតីយោគយល់ និងសុខដុមរមនា។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម សារិន បានមានជំនឿថា វគ្គអប់រំនយោបាយនៅពេលនេះ ពិតជានឹងទទួលបានលទ្ធផលល្អប្រសើរស្របតាមគោលបំណង និងសំណូមពរនៃវគ្គរៀនសូត្រ ដែលជាការរួមចំណែកមួយថែមទៀតដល់ការពង្រឹងជួរមន្រ្តីបង្គោលរបស់គណបក្សយើង។


