(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានចេញសារជាលើកទី៤ ទៅកាន់លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការជជែកផ្ទៀងផ្ទាត់បញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង៥៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រទេសកម្ពុជា និងខេត្តចន្ទបុរី ប្រទេសថៃ។
រឿងដីព្រំដែនកម្ពុជា និងថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩នេះ សម្តេចមហាបវរធិបតី បានតបទៅលោក អ៊ុំ សំអាន ៣លើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែតុលា, លើកទី២ នៅថ្ងៃទី១១ ខែតុលា, លើកទី៣ ថ្ងៃទី១៣ ខែតុលា។ សារទាំងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងបន្ទាប់លោក អ៊ុំ សំអាន អះអាងថា ដីកម្ពុជា នៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ បានបាត់ទៅខាងប្រទេសថៃ។
ក្នុងសារជាលើកទី៤នេះ សម្តេចធិបតីបានលើកឡើងថា លោក អ៊ុំ សំអាន នៅតែបង្ហាញពីការភ័យខ្លាចមិនហ៊ានមកកម្ពុជាផ្ទាល់ ដោយបង្កើតលក្ខខណ្ឌផ្សេងៗ និងមិនមានភស្តុតាងច្បាស់លាស់។ ទោះជាយ៉ាងនេះក្តី សម្តេចនៅតែបើកទ្វារសម្រាប់កិច្ចពិភាក្សា ដោយផ្តល់ជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោក អ៊ុំ សំអាន មិនហ៊ានមកផ្ទាល់ គឺអាចចាត់តាំងតំណាង ឬក្រុមតំណាងមកជជែក និងផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា តំណាងនោះអាចជាអ្នកមកពីក្រៅប្រទេស ឬអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ ហើយរាជរដ្ឋាភិបាលនឹងផ្តល់ការធានាសុវត្ថិភាពពេញលេញ។ ជាមួយគ្នានេះ លោក អ៊ុំ សំអាន ត្រូវប្រគល់សិទ្ធិពេញលេញ ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ទៅឱ្យក្រុមតំណាង ហើយត្រូវទទួលស្គាល់រាល់ខ្លឹមសារ និងលទ្ធផលនៃការជជែកផ្ទៀងផ្ទាត់នោះ។
សម្តេចប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា លោក អ៊ុំ សំអាន នឹងហ៊ានសម្រេចចិត្ត និងផ្តល់ចម្លើយត្រង់ៗក្នុងពេលឆាប់ៗ ដើម្បីបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋ និងជៀសវាងការបង្កើតលេសផ្សេងៗទៀត។ រាជរដ្ឋាភិបាលមានកិច្ចការជាច្រើនដើម្បីប្រទេសជាតិ ហើយការចោទប្រកាន់ថា បានកាត់ដីឱ្យថៃ គឺជាបញ្ហាធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។
ខាងក្រោមជាសារដើមទាំងស្រុងរបស់សម្តេចមហាបវរធិបតី៖
ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីបព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖
១៖ គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ។ គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។
២៖ គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ។ គាត់និយាយ (ឬបង្ហើបថា) ភស្តុតាងរបស់គាត់បានមកពីឮគេថា ឮតាមពត៌មានដូចជាអាស៊ីសេរី និងចុងក្រោយថាគាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីឱ្យថៃ តើផ្អែកលើមូលដ្ឋានអ្វីអ្វីទៅវិញចឹង?)
៣៖ ព្យាយាមគេចវេស។ តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារអោយលើកលែងទោសអោយគាត់ទៅវិញ។
និយាយឱ្យខ្លីទៅ រឿងគាត់ខ្លាចគឺមធ្យម ប៉ុន្តែងំត្រង់ថាគាត់បង្កើតលក្ខខណ្ឌដើម្បីធ្វើជាលេសដោះខ្លួន ហើយថែមទាំងឌឺដងទៀតផង។
ទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ។ ក្នុងគោលបំណងបង្កលក្ខណៈឱ្យក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេសដើម្បីកុំឱ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀតថា បានធ្វើឱ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហា៊នមកផ្ទាល់៖
* លោក អ៊ុំ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេស ដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានា ដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។
* ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំងតំណាងឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន ÷
១៖ លោកត្រូវប្រគល់សិទ្ធិពេញលេញអោយ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល
២៖ លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោក និងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ អោយទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់អោយបានច្បាស់លាស់។
៣៖ ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤៖ ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។
សម្រាប់រាជរដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន។ លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោក និងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។
ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ។
សង្ឃឹមថាលោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមផងដែរថាលោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ។
រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញនិងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕


