ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះបើកវេទិកាផ្សព្វផ្សាយនៅស្រុកវាលវែង៖ ជំរុញការវិនិយោគ ទេសចរណ៍ និងការការពារព្រៃឈើ ដើម្បីការអភិវឌ្ឍមូលដ្ឋានចីរភាព


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ សម្រាប់រដ្ឋបាលស្រុកវាលវែង។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកវាលវែង មេភូមិ ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងបើក និងគូសបញ្ជាក់ពី គោលបំណងចម្បងនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមប្រឹក្សាខេត្ត បានជម្រាបជូនប្រជាពលរដ្ឋអំពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ជាមួយគ្នានេះ វេទិកាក៏បើកទូលាយឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានចូលរួមផ្តល់មតិយោបល់ លើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដែលពុំពាក់ព័ន្ធនឹងរឿងនយោបាយ ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា បន្ទាប់ពីស្រុកក្រគរ គឺស្រុកវាលវែង គឺជាតំបន់អាទិភាពទី២ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកអ្នកវិនិយោគមកអភិវឌ្ឍន៍ និងទាក់ទាញភ្ញៀវទេសចរ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនឹងការអភិវឌ្ឍនេះ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹក និងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវ ចូលរួមអប់រំផ្សព្វផ្សាយ និងថែរក្សាព្រៃឈើ ទប់ស្កាត់ឱ្យបាននូវការកាប់បំផ្លាញដីព្រៃ។

បន្ថែមពីលើនេះ ឯកឧត្តម ខូយ រីដា បានលើកឡើងដោយមោទនភាពថា បច្ចុប្បន្នខេត្តពោធិ៍សាត់ទទួលបាននូវភាពល្បីរន្ទឺ រហូតប្រមុខរាជរដ្ឋាភិបាលកោតសរសើរ និងឱ្យបណ្តាខេត្តដទៃទៀតយកគំរូតាម លើកិច្ចការងារគ្រប់គ្រងសំរាម និងអនាម័យបរិស្ថាន, ការរក្សារបៀបរៀបរយសាធារណៈ និងការដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED។

អង្គវេទិកាក៏បានផ្តល់ឱកាសយ៉ាងទូលំទូលាយជូនដល់សមាជិក សមាជិកាដែលបានចូលរួម លើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ សំណួរ ក៏ដូចជាលិខិតសំណូមពរនានា ចំនួន១៤ករណី ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី, ធនធានទឹក, អភិវឌ្ឍន៍ជនបទ, សាធារណការ, ប្រៃសណីយ, រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដោយឈរលើស្មារតីស្ថាបនា និងកិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។

គួរជម្រាបជូនផងដែរថា យោងតាមផែនការរបស់រដ្ឋបាលខេត្ត វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤នេះ គឺប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់នៅតាមបណ្តាស្រុកគោលដៅ រួមមាន៖ ស្រុកវាលវែង, ស្រុកភ្នំក្រវាញ, ស្រុកតាលោសែនជ័យ, ស្រុកបាកាន, ស្រុកកណ្តៀង និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់៕