សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្មកម្ពុជា ប្រមាណជាង ៣០ បានបង្ហាញមុខនៅក្នុង ពិព័រណ៍ពាណិជ្ជកម្ម ម្ហូបអាហារអន្តរជាតិ SIAL Paris នៅប្រទេសបារាំងកាលពីថ្ងៃសៅរ៍ទី ១៧តុលា ជាមួយប្រទេសជាង ១២០ ដែលបានចូលរួម។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញអង្ករចំនួន ១២ទៅ ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារ អន្តរជាតិលំដាប់ពិភពលោកនេះ។
យោងតាមក្រសួងពាណិជ្ជកម្មដែលរៀបចំពិព័រណ៍ពាណិជ្ជកម្ម ម្ហូបអាហារអន្តរជាតិ SIAL Parisចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំងនេះបានឲ្យដឹងថាកម្ពុជាបានយក អង្ករសែនក្រអូប ម្រេចកំពត គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ផ្កាអំបិល ផលិតផលសរីរាង្គ និងអាហារកែច្នៃផ្សេងៗទៀត ដែលមានស្តង់ដារគុណភាពខ្ពស់ទៅចូលរួមបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មនេះក្នុង គោលបំណងស្វែងរកទីផ្សារនាំចេញផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ទៅឈរជើងលើទីផ្សារ អឺរ៉ុប និងអន្តរជាតិ ព្រមទាំងបង្ហាញពីសមត្ថភាព របស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការផលិតទំនិញស្របតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ អន្តរជាតិ (ដូចជា HACCP, ISO ព្រមទាំងស្តង់ដារសរីរាង្គ) ជូនដល់អ្នកទិញទូទាំងពិភពលោក។
សូមរម្លឹកថា រហូតមកដល់ពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមនៅក្នុង ពិព័រណ៍ SIAL Parisនេះចំនួន៣លើកហើយ ដើម្បីផ្សព្វផ្សាយគុណភាព និងសក្តានុពលអង្ករកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញរបស់អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិដែលបានចូលរួមលើកទី១ កាលពីឆ្នាំ២០១៤ លើកទី២ នៅឆ្នាំ២០២៤ និងលើកទី៣នៅ ឆ្នាំ២០២៦ នេះដែលវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះបានប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដើម្បីបង្ហាញផលិតផល ចែករំលែកបទពិសោធន៍ ស្វែងយល់ពីនិន្នាការទីផ្សារ និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ៕





