(ភ្នំពេញ)៖ ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន បានផ្ញើសារលិខិតគោរព ជូនពរសម្តេចមហាបវរធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។
នាឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាន និងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។ សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិ និងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។
ទន្ទឹមនេះក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើននៃជាតិ និងប្រជាជន សម្តេចធិបតីបានបង្ហាញភាពប៉ិនប្រសប់ ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទំនយោបាយ និងគតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។ ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេនរបស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕





