សម្ដេចប្រធានរដ្ឋសភា ជំរុញអាល្លឺម៉ង់នាំចូលកសិផលកម្ពុជាបន្ថែមទៀត និងទាក់ទាញការវិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានច្រើន


សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជំរុញប្រទេសអាល្លឺម៉ង់ទទួលទិញកសិផលពីកម្ពុជាបន្ថែម និងជំរុញការវិនិយោគពីអាល្លឺម៉ង់បណ្ដាក់ទុននៅកម្ពុជាក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានច្រើន។

ដោយឡែកចំពោះទំនាក់ទំនងរដ្ឋសភាវិញ បានស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត ទាំងថ្នាក់ដឹកនាំ គណៈកម្មការ ក្រុមមិត្តភាព សមាជិកសភាស្ត្រី សមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សំណើរបស់សម្ដេចប្រធានរដ្ឋសភា បានលើកឡើងនៅក្នុងឱកាស សម្ដេច ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ស៊ីល ខេ រ៉ូហ្វឺ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សាការងារនេះ សម្ដេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ជាស្រ្តីដំបូងគេ ដែលបានអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយមោទនភាព។

សម្ដេចមានជំនឿមុតមាំថា នៅក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរដែលស្និទ្ធស្នាល មានតាំងពីយូរណាស់មកហើយនោះ នឹងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាង និងអន្តរជាតិផងដែរ។

លោកជំទាវ ស៊ីល ខេ រ៉ូហ្វឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្ដេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹក និងមានតម្លៃទទួលជួបពិភាក្សាការងារជាមួយលោកជំទាវនៅក្នុងឱកាសនេះ។ លោកជំទាវបានសម្តែងនូវមោទនភាពជាទីបំផុត ដែលមានឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយបានធ្វើការជាមួយប្រជាពលរដ្ឋដែលមានភាពរស់រាយទាក់ទាញជាទីបំផុត។

លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចពីគម្រោងជាច្រើន ដែលអាល្លឺម៉ង់បានរួមសហការជាមួយកម្ពុជាលើគ្រប់វិស័យ មានទាំងកសិកម្ម អប់រំ បច្ចេកវិទ្យា ថាមពល សន្តិសុខ ទេសចរណ៍ ជាដើម។ លោកជំទាវបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរដែលរឹងមាំ និងរីកចម្រើនឥតឈប់ឈរ ហើយនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបទី៦០ឆ្នាំ។

សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់អាល្លឺម៉ង់ ដែលបានចូលរួមចំណែកស្វែងរកសន្តិភាព និងចូលរួមអភិវឌ្ឍកម្ពុជារហូតមក។ អាល្លឺម៉ង់ពិតជាដៃគូដ៏សំខាន់ និងជាមិត្តសកម្មមួយរបស់កម្ពុជា ដែលបានផ្តល់ការគាំទ្រ និងវិភាគទានដ៏មានតម្លៃដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ និងក្រៅរដ្ឋាភិបាលនានាផងដែរ។

សម្តេចបានបន្តថាអាល្លឺម៉ង់បានជួយកម្ពុជាស្ទើរគ្រប់វិស័យពិសេសការអប់រំ។ ក្រៅពីការស្នើដល់អាល្លឺម៉ង់បង្កើនអាហារូបករណ៍ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា សម្តេចក៏បានស្នើលោកជំទាវ កសាងសមត្ថភាព ជូនតំណាងរាស្ត្រ ដើម្បីលោកមានលទ្ធភាពកាន់តែសម្បូរបែប ក្នុងការបម្រើប្រជាពលរដ្ឋ។ ជាពិសេសសម្តេចបានស្នើអាល្លឺម៉ង់ បណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ ដល់ការអភិវឌ្ឍស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថល។

សម្ដេចបានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងភាពស្មុគស្មាញ ការផ្លាស់ប្តូរសណ្តាប់ធ្នាប់សកល ការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា ការរួមសាមគ្គី និងពង្រឹងកិច្ចសហប្រតិបត្តិការដោយយកប្រជាពលរដ្ឋជាស្នូល ក្នុងការពង្រឹងពហុភាគីនិយម គឺជាកិច្ចការសំខាន់ និងបន្ទាន់ដែលត្រូវធ្វើ។

សម្ដេចរដ្ឋសភាធិបតី បានបង្ហាញពីឆន្ទៈរបស់កម្ពុជានៅក្នុងការគោរពច្បាប់អន្តរជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសហការជាមួយបណ្តាប្រទេសនានា ដើម្បីឱ្យតំបន់ និងអន្តរជាតិមានសមធម៌ គ្រប់គ្នារួមរស់ជាមួយគ្នាដោយសុខុមាលភាព វិបុលភាព និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវ ស៊ីល ខេ រ៉ូហ្វឺ បានគាំទ្រការលើកឡើងរបស់សម្ដេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា អាល្លឺម៉ង់ជាប្រទេសដែលបានផ្តល់តម្លៃខ្ពស់បំផុតលើពហុភាគីនិយម។ សម្ដេចប្រធានរដ្ឋសភា និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានផ្លែផ្កាជាច្រើនក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕