អាជ្ញាធរជាតិព្រះវិហារ តាមរយៈអ្នកជំនាញនៃ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានបើកការដ្ឋាន អនុវត្ត «គម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារ ដំណាក់កាលទី២» ជាផ្លូវការលើ ទីតាំងសរុបចំនួន ២៩ កន្លែង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។
អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា នេះថា ការអនុវត្តគម្រោងដំណាក់កាលទី២ នឹងធ្វើលើ ទីតាំងចំបងៗទាំង ២៩ នោះ រួមមាន៖គោបុរៈទី១៖ ចំនួន ១០ ទីតាំង,គោបុរៈទី២៖ ចំនួន ៨ ទីតាំង,ស្ពានហាល ចន្លោះគោបុរៈទី២ និងទី៣៖ ចំនួន ២ ទីតាំង,គោបុរៈទី៣៖ ចំនួន ៥ ទីតាំង,គោបុរៈទី៤៖ ចំនួន ១ ទីតាំង,ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥៖ ចំនួន ១ ទីតាំង,គោបុរៈទី៥៖ ចំនួន ១ ទីតាំង,ខឿនទ្រក្បាល នាគ ខាងលិច (ថ្នាក់ទី១ ជណ្ដើរបុរាណខាងជើង)៖ ចំនួន ១ ទីតាំង។
គួររំលឹកថា នៅដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមាន ចំនួន២៣ ទីតាំងមកហើយ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ ចំពោះគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃ បេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការ ជួសជុលនាពេលអនាគត។
វិធានការសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់នេះ ធ្វើឡើង បន្ទាប់ពីរបាយការណ៍បេសកកម្មរួមរវាងអង្គការយូណេស្កូ (UNESCO) និងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងទីតាំង (ICOMOS) ដែលបានចេញ ផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញក្តី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់លើភាពដើម និងតម្លៃសកលលេចធ្លោ (OUV)របស់ប្រាសាទ ព្រះវិហារ។
របាយការណ៍រួមនេះបានកត់ត្រាតំបន់រងការខូចខាតចំនួន ១៤២ តំបន់ ក្នុងការប៉ះទង្គិចកាលពីខែកក្កដា និងចំនួន ៤២០ តំបន់ទៀត ក្នុងការវាយប្រហារដោយអាវុធធុន ធ្ងន់កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលជាកម្រិតបំផ្លិចបំផ្លាញ ធ្ងន់ធ្ងរមិនធ្លាប់មាននាពេលកន្លងមក។
បច្ចុប្បន្ន ក្រោមការគាំទ្រពីគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក និងដៃគូអន្តរជាតិ កម្ពុជាកំពុងបង្កើនល្បឿន អនុវត្តវិធានការការពារជាច្រើនស្ថាប័ន រួមមាន៖ ការទល់ទ្រសង្គ្រោះបន្ទាន់, ការបោសសម្អាតគ្រាប់ បែកចង្កោម និងបំណែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការប្រមូល និងចុះបញ្ជីបំណែកស្ថាបត្យកម្ម, ព្រមទាំងការរៀបចំឯកសារឌីជីថលបីវិមាត្រ (3D) ដើម្បីធានាសុវត្ថិភាពសំណង់ និងរក្សាតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ជាតិឱ្យបានគង់វង្ស៕










