(ភ្នំពេញ)៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ក្រសួងបរិស្ថានបានឱ្យដឹងថាកិច្ចសហប្រតិបត្តិការ រវាង ព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យបរិស្ថានកាន់តែត្រូវបានពង្រឹង និង ពង្រីកបន្ថែមទៀត។ គួរបញ្ជាក់ថាការលើកឡើងឱ្យដឹងនេះធ្វើឡើងរបស់ក្រសួងបរិស្ថាន តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារតំបន់ការពារធម្មជាតិដោយពង្រឹងការអនុវត្តច្បាប់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែការពារជម្រកជីវៈចម្រុះ ព្រៃឈើ ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅសេដ្ឋកិច្ចកជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ប្រើឱ្យគោលដៅលម្ហែបៃតងកម្រិតជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថាកម្ពុជាគាំទ្រដល់ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប គម្រោងសិក្សាលើបញ្ញាសិប្បនិមិត្មAI ដើម្បីតាមដានរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រានដីធ្លីខុសច្បាប់បានទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់លើការជំរុញការធ្វើកសិកម្មឆ្លាតវៃ និងមានការបញ្ចេញកាបូនទាប ដោយ ដើម្បីធានាថាការដាំដុះរបស់ប្រជាកសិករ មិនប៉ះពាល់ដល់តំបន់ការពារ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសមិទ្ធផលនៃការយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានអនុវត្តពីសិស្សានុសិស្សនិងមានអ្នកចូលរួមជាង១៤លាននាក់ រហូតដល់ពេលនេះ ហើយយុទ្ធនាការផ្សេងទៀត ដែលបានដាក់ចេញបានប្រែក្លាយពីសកម្មភាពទៅជាចលនា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ មានការទុកដាក់សំរាម និងញែកសំរាម និងការចូលរួមសម្អាតតាមទីសាធារណៈនានា ស្របតាមទិសដៅអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ (Smart Cities) ក៏ដូចជាការរៀបចំមូលដ្ឋានឱ្យមានបរិស្ថានស្អាត និងគ្មានការបំពុល។
ជាការឆ្លើយតប ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានថ្លែងអំណរគុណ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា។ ឯកឧត្តម Igor DRIESMANS បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តឈរជាដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជា ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងសហគមន៍បៃតងប្រកបដោយចីរភាព៕ 


