គ្រប់បញ្ហាតែងតែមានដំណោះស្រាយ ឱ្យតែយើងចេះជជែកគ្នា ឈរលើផលប្រយោជន៍រួមទាំងអស់គ្នា


ព្រឹកថ្ងៃសៅរ៍ ១៤កើត​ ខែមិគសិរ​ ឆ្នាំរការ​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹង​ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ​២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះសម្របសម្រួលផ្ទាល់ ករណីការតវ៉ាទាមទារប្រាក់អតីតភាពការងាររបស់បងប្អូនកម្មករ-កម្មការិនីរោងចក្រ ម៉េង ដាហ្វូតវៀអ៊ិនដាសស្ទៀលកូ អ៊ីលធីឌី​(EVC) ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់មានការបិទផ្លូវកាលពីថ្ងៃម្សិលមិញ។ ឯកឧត្តមអភិបាលបានណែនាំដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់បញ្ឈប់ការបិទផ្លូវ ដែលជាទង្វើខុសនឹងច្បាប់ ហើយបានប៉ះពាល់ និងរំខានយ៉ាងធ្ងន់ធ្ងរដល់អ្នកដទៃ។

បន្ទាប់ពីមានការសម្របសម្រួលរបស់ឯកឧត្តមអភិបាល ទាំងភាគីរោងចក្រ និងបងប្អូនកម្មករ បានស្រុះស្រួលគ្នា រងចាំការជជែកដោះស្រាយគ្នានៅថ្ងៃច័ន្ទ ទី០៤ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឈរលើគោលការណ៍ច្បាប់ការងារតែម្ដង៕