សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃពិធីចម្រើនព្រះជន្មវស្សា នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមទូលព្រះបង្គំផ្ទាល់ ទូលព្រះបង្គំ សូមចូលរួមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរជ័យថ្វាយចំពោះ សម្តេចក្រុមព្រះ។

សម្តេចក្រុមព្រះ គឺជាក្សត្រាមួយអង្គដែលពោរពេញដោយព្រះហឫទ័យយកចិត្តទុកដាក់ ប្រកបដោយព្រះគតិបណ្ឌិតប្រតិបត្តិ ក្នុងការចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស កិច្ចការមនុស្សធម៌ និងដង្ហែ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងរយៈកាលកន្លងមក សម្តេចក្រុមព្រះតែងមានព្រះសកម្មភាព ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជា ពង្រឹងនីតិរដ្ឋ រក្សាការពារអត្តសញ្ញាណជាតិ និងអភិវឌ្ឍសង្គមជាតិ ដែលជាកត្តាជួយលើកកម្ពស់សេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពរបស់ប្រជានុរាស្ត្រ។

នាឱកាសសិរីមង្គលនេះ ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមព្រះមេត្តា យាងអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ សម្តេចក្រុមព្រះ និងព្រះរាជវង្សានុវង្ស គ្រប់ព្រះអង្គ សូមបានសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕