ដំណើរការចុះជំរឿនមន្ត្រី មិនឱ្យមានការប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ


ភ្លាមៗបន្ទាប់ពីបញ្ចប់ពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានដែលស្ថិតនៅក្នុងខេត្តនៃភូមិភាគនិរតី នៅសាលាខេត្តកំពត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងគណៈប្រតិភូ និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យសកម្មភាពដំណើរការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងផ្ទាល់ដំបូងគេ នៅមណ្ឌលសុខភាពកំពង់គ្រែង។

នៅក្នុងការចុះពិនិត្យការរៀបចំការងារយ៉ាងសកម្ម ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការផ្ទៀងផ្ទាត់វត្តមានផ្ទាល់ របស់មន្ត្រីសុខាភិបាលនៅមូលដ្ឋាន ដែលប្រព្រឹត្តទៅប្រកបដោយភាពរលូន ច្បាស់លាស់ និងបានបង្ហាញនូវភាពវិជ្ជមាន ក្នុងការចាប់ផ្តើមយុទ្ធនាការរួមទូទាំងភូមិភាគនិរតី ដើម្បីធានាឱ្យបាននូវទិន្នន័យជាក់លាក់ តម្លាភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសុខាភិបាលចាប់ពីថ្ងៃនេះតទៅ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានអញ្ជើញដើរពិនិត្យមើលស្ថានភាពទូទៅ សកម្មភាពការងារ អគារសម្ភារៈ បរិស្ថានជុំវិញ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់បុគ្គលិកសុខាភិបាលនៅក្នុងមណ្ឌលសុខភាពកំពង់គ្រែងទាំងមូលផ្ទាល់ ដើម្បីក្តាប់ឱ្យបាននូវស្ថានភាពជាក់ស្តែង ក៏ដូចជាសុខទុក្ខ និងបញ្ហាប្រឈមនានា រួមទាំងការផ្តល់សេវាថែទាំសុខភាព និងការព្យាបាលជូនប្រជាពលរដ្ឋ។

ដំណើរការចុះជំរឿននេះ ដែលត្រូវបានរៀបចំឡើងផ្ទាល់នៅតាមទីតាំងគោលដៅនាពេលនេះ ដើម្បីមិនឱ្យមានការប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាថែទាំសុខភាព និងសេវាព្យាបាលប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយ៕