នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Robekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (FAO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការស្បៀង និងកសិកម្ម (FAO) នាពេលបច្ចុប្បន្ន និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់អង្គការស្បៀងនិងកសិកម្មជាមួយប្រទេសកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការលើកកម្ពស់សេវាកសិ-ឧតុនិយម(agrometeorology) ការពង្រឹងភាពធន់នឹងអាកាសធាតុ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស តាមរយៈគម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (PEARL Project)។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម ចាត់ទុកសេវាឧតុនិយម និងអាកាសធាតុជាមុខងារសាធារណៈដ៏សំខាន់មួយ ដែលគាំទ្រដល់ការលើកកម្ពស់ផលិតភាព វិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក៏ដើម្បីធានាថាព័ត៌មានឧតុនិយម និងអាកាសធាតុ ដែលទាន់ពេលវេលា អាចទុកចិត្តបាន និងអាចយកទៅប្រើប្រាស់បានជាក់ស្តែង នឹងទៅដល់ដៃកសិករ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ១)បន្តជួយពង្រឹងបណ្តាញស្ថានីយកសិ-ឧតុនិយម ដើម្បីធានាបាននូវគុណភាពទិន្នន័យ ភាពអាចទុកចិត្តបាន និងនិរន្តរភាពនៃសេវាកម្ម ២)បន្តកៀរគរធនធានបន្ថែមជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពង្រឹងសេវាឧតុនិយម និងអាកាសធាតុ ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធជូនដំណឹងជាមុន និង ៣)ជួយអភិវឌ្ឍន៍ធនធានមនុស្សលើជំនាញឧតុនិយម ជលសាស្ត្រ កសិ-ឧតុនិយម និងការគ្រប់គ្រងធនធានទឹក ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែង និងប្រសិទ្ធភាពនៃសេវាសាធារណៈ៕


