សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានលើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា ព្រមទាំងផ្តាំទៅក្រសួងនីមួយៗកុំលោភការងារ ក្រសោបយកគ្រប់ការងារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាតូចៗនាំឱ្យស្ទះដល់ការងារធំ ស្លឹកឈើមួយសន្លឹក អាចធ្វើឱ្យស្ទះទាំងមូល។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា ការងារទាំងឡាយ ត្រូវគិតពីកម្រិតតូចៗឡើងទៅ ដើម្បីឱ្យដំណើរការងារបានរលូន និងល្អប្រសើរ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, កន្លងមកសម្តេចបានជួបដោយផ្ទាល់ជាមួយ កម្មករ-និយោជិត សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឱ្យបានច្បាស់ថា តើបងប្អូនជួបការលំបាកអ្វីខ្លះ ដូចជា បញ្ហាដើមទុន បញ្ហា បច្ចេកទេស បញ្ហាទីផ្សារ ការប្រកួតប្រជែង ជាមួយទំនិញនាំចូល ថ្លៃដើមផលិតកម្ម ឬភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល។

ដើម្បីឆ្លើយតបនឹងការត្អូញត្អែរ និងការលើកសំណូមពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ គិតគូររកដោះស្រាយជាបន្តបន្ទាប់។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍ MSMEs ដូចជា៖

(១)៖ ការជំរុញ និងការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

(២)៖ ការគាំទ្រដល់ការអភិវឌ្ឍជំនាញ ជាពិសេស តាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចំណាយថវិកាគាំទ្រដល់ MSMEs សរុបចំនួន ១៥.២៧លានដុល្លារអាម៉េរិក សម្រាប់គម្រោងបណ្តុះបណ្តាលសិក្ខាកាម ចំនួន ៧៦,០០០ នាក់ (គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦)។

(៣)៖ ការលើកកម្ពស់ស្តង់ដាផលិតផល តាមរយៈការពង្រឹងប្រព័ន្ធអេកូឡូស៊ី នៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមាន ការផ្តល់សេវានៃការធ្វើតេស្តពិសោធន៍ ការធ្វើស្តង់ដារូបនីយកម្ម ការវាយតម្លៃអនុលោមភាពផលិតផល ឬសេវាកម្ម ការធ្វើព្យាសកម្ម និងត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ និងការវាយតម្លៃទទួលស្គាល់។

(៤)៖ ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា ជាដើម។

ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញឥណទានដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទាន ជូនសហគ្រាសធុនតូច និងមធ្យម ចំនួន ៤,០១៤សហគ្រាស ស្មើនឹងទំហំឥណទាន៦៦២លានដុល្លារអាម៉េរិក (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦)។

សូមជម្រាបផងដែរថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍវិស័យឯកជន។ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមាន​មូលដ្ឋាន​អាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣,៦៧០មូលដ្ឋាន។ ក្នុងនោះ ៦០,៥០៣ ជា​សហ​គ្រាសធុនតូច និងមធ្យម។

សហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្តល់ការងារដល់ប្រជា​ពលរដ្ឋប្រមាណ ២,៩៨លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប។

សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារក្រៅ​វិស័យ​កសិកម្ម៕

 

Inside ads banner
Inside ads banner
Inside ads banner