ឯកឧត្តម សោ សាវឿន ចុះពិនិត្យទីតាំងសាងសង់អគារស្នាក់ការ និងចុះលើកស្លាកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី


(ខេត្តរតនគិរី)៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សោ សាវឿន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគិរី បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងដើម្បីសាងសង់អគារស្នាក់ការគណបក្សឃុំ ចំនួនពីរឃុំ និងជួសជុលឡើងវិញចំនួនមួយនិងលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគិរី ដោយមានការចូលរួមពីមន្ត្រីគណបក្សថ្នាក់មូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សោ សាវឿន បានអញ្ជើញដើរពិនិត្យផ្ទាល់នូវទីតាំងសាងសង់អគារស្នាក់ការគណបក្ស ដែលជាសមិទ្ធផលថ្មីសម្រាប់បម្រើឱ្យសកម្មភាពនយោបាយ និងការងាររដ្ឋបាលបក្សក្នុងមូលដ្ឋាន។តាមរបាយការណ៍របស់ប្រធានគណបក្សស្រុក ទីតាំងស្នាក់ការឃុំញ៉ាងមានផ្ទៃដីទំហំ(ទទឹង៣៥ម*បណ្ដោយ៤២ម) ឃុំតាឡាវមានផ្ទៃដីទំហំ(ទទឹង៤៦ម*បណ្ដោយ៤៨ម)។

បន្ទាប់ពីការពិនិត្យទីតាំងសាងសង់អគារស្នាក់ការ ឯកឧត្តម និងក្រុមការងារក៏បានបន្តចុះលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន៧ស្លាកចំណាយថវិកាសរុបចំនួន៤,២៣០.០០០រៀល។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សោ សាវឿន បានពាំនាំនូវបណ្តាំសួរសុខទុក្ខយ៉ាងកក់ក្តៅ និងសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា អគារស្នាក់ការគណបក្សនេះ មិនត្រឹមតែជាកន្លែងធ្វើការ និងប្រជុំរបស់សមាជិកបក្សប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ផ្ទះរួមរបស់ប្រជាពលរដ្ឋ» ក្នុងការទទួលស្វាគមន៍ ដោះស្រាយបញ្ហា និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្ដាំផ្ញើ និងណែនាំដល់មន្ត្រីគណបក្សទាំងអស់ ត្រូវ៖
-១.បន្តពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ។
-២.ខិតខំចុះមូលដ្ឋានដើម្បីស្វែងយល់ និងជួយដោះស្រាយទុក្ខធុរៈរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
-៣.ចូលរួមថែរក្សា និងប្រើប្រាស់អគារស្នាក់ការថ្មីនេះឱ្យមានប្រសិទ្ធភាព និងយូរអង្វែង។